ភ្នំពេញ៖ ករណីសមត្ថកិច្ចនគរបាល បង្ក្រាបឧក្រិដ្ឋជន ដែលពាក់ព័ន្ធចាប់ជម្រិតចិនដូចគ្នាជាង១០លានដុល្លារអាមេរិក នាចុងខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោះលែងជនត្រូវចោទម្នាក់ហើយ ដូចអ្វីដែលគេបានលើកឡើងកាលពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ជូនខ្លួនជនសង្ស័យគ្រាដំបូងទៅតុលាការ គឺមានអ្នករត់ការដើម្បីដោះលែង ទីបំផុត ! ដល់ដំណាក់កាលចៅក្រមស៊ើបសួរ ដោះលែងម្នាក់ពិតប្រាកដមែន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ផងដែរថា : ទោះជាមានការលើកលែង ការចោទប្រកាន់ទៅលើជនត្រូវចោទ ដោយចៅក្រមស៊ើបសួរ សាលាដំបូង រាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ នោះក៏ពិតមែន ។ ប៉ុន្តែអ្វីដែល មន្ត្រីពន្ធនាគារមណ្ឌលអប់រំកែប្រែទី ១ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតដោះលែង ជនជាតិចិនឈ្មោះ BAI FUJUN មានទីលំនៅផ្ទះលេខ៣៩ ផ្លូវលេខ L0៤ សង្កាត់ជើងឯង ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈលិខិតដោះលែង លេខ ១៤៨៣ ល.ដ.ល ព្រោះលោកឧត្តមអគ្គានុរក្ស.២ ម៉ុង ម៉េងអ៊ាន់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ចាត់ទុកថាការដោះលែងនេះខុសទៅនឹងនីតិវិធី។
ខាងពន្ធនាគារ មិនអនុវត្តឲ្យបានត្រឹមត្រូវទៅតាមនីតិវិធី នឹងសេចក្តីសម្រេចរបស់តុលាការ ពីព្រោះថា, ចៅក្រមស៊ើបសួរគាត់ចេញដីកាដំណោះស្រាយ គឺចេញដីកាលើកលែងការចោទប្រកាន់ ទៅលើជនត្រូវចោទ និងបង្គាប់ឲ្យពន្ធធនាគារ ដោះលែង។ ប៉ុន្តែនៅក្នុងសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ លើកលែងចោទពី បទចាប់ជម្រិត, ពី បទ បង្ខំមនុស្សដោយខុសច្បាប់ , ពីបទប្រើប្រាស់អាវុធដោយខុសច្បាប់ ។ ប៉ុន្តែតាមនីតិវិធីគេតម្រូវឲ្យបណ្ដេញចេញពីប្រទេសកម្ពុជា ដែលបញ្ជាក់នៅក្នុងសេចក្តីសម្រេចរបស់តុលាការ ។ ដូច្នេះជានីតិវិធី ខាងពន្ធនាគារ ទទួលបានសេចក្តីសម្រេចរបស់តុលាការរួចហើយ គឺត្រូវធ្វើលិខិតមួយដើម្បីដោះលែងបុគ្គលហ្នឹង ហើយខាងអង្គភាពពន្ធនាគារក៏ធ្វើរបាយការណ៍មួយ និងបញ្ជូនមនុស្ស ទៅអគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ដើម្បីឲ្យខាងអង្គភាព អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ អនុវត្តនីតិវិធីបន្ត គឺដើម្បីបណ្ដេញចេញ ! ផ្ទុយទៅវិញខាងពន្ធនាគារមិនអនុវត្តបែបនេះទេ បន្ទាប់ពីមានដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ បែរជាដោះលែងមនុស្សនោះតែម្ដង។
ដោយគ្មានធ្វើរបាយការណ៍និងបញ្ជូនមនុស្សទៅ អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីក្នុងការបណ្ដេញចេញ ! មានន័យថា , ខាងអង្គភាពពន្ធនាគារ មណ្ឌលកែប្រែទី១ មិនបានអនុវត្តតាមសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ ដោយអនុវត្តនីតិវិធីខ្លួនឯង ឱ្យមានសេរីភាពតែម្ដង ដោយមិនបានបញ្ជូនមនុស្សទៅខាង អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីក្នុងការបណ្ដេញចេញពីប្រទេសកម្ពុជា ។ ដូច្នេះសូមខាងអគ្គនាយកដ្ឋានពន្ធនាគារ ចៅក្រមស៊ើបសួរ ពិនិត្យមើលផងថា , តើការអនុវត្តបែបនេះ ត្រឹមត្រូវតាមនីតិវិធីដែរឬទេ ?
សូមបញ្ជាក់ថា៖ សមត្ថកិច្ចនគរបាលបានប្រឹងប្រែង បង្ក្រាបបទឧក្រិដ្ឋនេះ ដោយយកចិត្តទុកដាក់បំផុត ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ ជាងដល់បង្ក្រាបបទល្មើសជាក់ស្ដែង យ៉ាងហោចណាស់ក៏មនុស្សប្រាំមួយនាក់ត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់ បាន៥នាក់ដំបូង ។
ក្រោយមកបន្តស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់បន្តបង្ក្រាបឧក្រិដ្ឋជនបានម្នាក់ទៀត ដែលពាក់ព័ន្ធចាប់ជម្រិតចិនដូចគ្នាទារប្រាក់ជាង១០លានដុល្លារអាមេរិក នៅវេលាម៉ោង៦និង៣០ នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅចំណុចទីតាំង #17, Street R02, Borey Peng Huoth The Star Platinum Roseville, Sangkat Nirouth, Khan Chbar Ampov, Pnhom Penh ។
ជនសង្ស័យមានឈ្មោះ ZHAO YUNLEI ជាជនសង្ស័យទី៦ ដែលសមត្ថកិច្ចប្រមាញ់បាន។
សូមជម្រាបជូនថា ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ជាជនជាតិចិន៥ នាក់ ពាក់ព័ន្ធករណីចាប់ជម្រិតទារប្រាក់ពីជនជាតិចិនដូចគ្នាប្រមាណ១០លានដុល្លារអាមេរិក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ការសម្រេចឃុំខ្លួនជនត្រូវចោទទាំង៥ នាក់ ខាងលើនេះបន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ពួកគេពីបទ.បង្ខាំងមនុស្សដោយខុសច្បាប់ បទ. ធ្វើទារុណកម្មដើម្បីជម្រិតទារប្រាក់ និងបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។
សំណុំរឿងបទឧក្រឹដ្ឋខាងលើនេះត្រូវបានលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើជនសង្ស័យជាជនជាតិចិនទាំង៥ នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពាក់ពន្ធករណីចាប់ជនជាតិចិនដូចគ្នាជម្រិតទារ ប្រាក់ប្រមាណ១០លានដុល្លារអាមេរិកនោះ ។ ក្រោយពីសាកសួរត្រូវបានបញ្ចប់តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ រួចបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមជម្រាបថា មុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ២ ថ្ងៃ មានករណីចាប់បង្ខាំងជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់ប្រមាណ១លានដុល្លារអាមេរិក នៅចំណុចចំណតរថយន្តនៃអគារស្នាក់នៅស្កាយវីឡា ដែលមានអាសយដ្ឋានអាគារលេខ១៩២ ផ្លូវ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយត្រូវកម្លាំងនគរបាលស្រាវជ្រាវបង្ក្រាបបានឧក្រិដ្ឋជនជនជាតិចិនដូចគ្នាចំនួន៧ នាក់ នៅពីរគោលដៅផ្សេងគ្នា ក្នុងខណ្ឌដង្កោ ខណៈក្រុមគ្រួសារជនរងគ្រោះ សូមស្នើឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យបណ្ដាញព័ត៌មាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នេះឱ្យដឹងថា ករណីចាប់បង្ខាំងដើម្បីជំរិតទារប្រាក់១០លានដុល្លាអាមេរិករនេះ បានកើតឡើងនៅម៉ោង២យប់រំលងអាធាត្រ ចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ។
ពេលនោះក្រុមជនសង្ស័យមានគ្នាចំនួន៣នាក់ បានប្រើប្រាស់រថយន្តម៉ាក Vellfire ពាក់ផ្លាកលេខភ្នំពេញ 2BQ-0560 (ផ្លាកលេខក្លែងក្លាយ) និងផ្លាកលេខភ្នំពេញ 2BT-1768 ប្រដាប់ដោយអាវុធគ្រប់ដៃ។
បន្ទាប់ពីបានទទួលបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថ កិច្ចពាក់ព័ន្ធ បានប្រតិបត្តិការបង្ក្រាបករណីនេះនៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចពីគោលដៅផ្សេងពីរគ្នា រួមមាន ៖
គោលដៅទី១.បុរីមួយកន្លែង នៅផ្លូវ៦០ម៉ែត្រ ផ្ទះលេខ ផ្លូវសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គោលដៅទី២.បុរីមួយកន្លែង នៅផ្លូវ៥០ម៉ែត្រ ផ្ទះលេខ១៨ ផ្លូវលេខM26 សង្កាត់ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបតិ្តការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ វត្ថុតាងដកហូត ៖
គោលដៅទី១.រថយន្ដម៉ាក Alphard ពណ៌ស ផ្លាកលេខភ្នំពេញ 2BZ-9995 ចំនួន១គ្រឿង.រថយន្ដម៉ាក Alphard ពណ៌ខ្មៅ ផ្លាកលេខតាកែវ 2D-8888 ចំនួន១គ្រឿង. ផ្លាកលេខរថយន្ដ (មុខក្រោយ) ១គូលេខ ភ្នំពេញ 2BQ-0560. កាំភ្លើងវែង១ដើម មានបង់២. កាំភ្លើងខ្លី ១ដើម មានបំពាក់ឧបករណ៍ខ្ទប់សំលេង, បង់ចំនួន១. គ្រាប់កាំភ្លើងវែងខ្លីមួយចំនួន គ្រាប់បែក១ (ប្រគល់ជូនCMAC). កូនកាំបិត២.ខ្នោះដៃ៣គូ, វិទ្យុទាក់ទងចំនួន៣គ្រឿង.ទូរដែកចំនួន១.ទូរស័ព្ទដៃ២គ្រឿង. កាតសម្គាល់ខ្លួន២. អាវការពារគ្រាប់ចំនួន១ និងឯកសារមួយចំនួនទៀត ។
តាមការបញ្ជាក់ពីមន្ត្រីនគរបាល បានប្រាប់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៧នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ខណៈ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិ សុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស៊ើបអង្កេត និងសួរចម្លើយ មានជនសង្ស័យ២នាក់ដែលមិនពាក់ព័ន្ធបទល្មើសខាងលើនេះទេ គ្រាន់តែជាអ្នកស្គាល់គ្នាជាមួយក្រុមជនត្រូវចោទដែលត្រូវបានចៅក្រមសម្រេចឃុំខ្លួន លក្ខណៈមិត្តភក្តិ ហើយពួកគេទាំង២នាក់កំពុងស្ថិតនៅជាមួយក្រុមជនល្មើស ខណៈសមត្ថកិច្ចកំពុងចុះបង្រ្កាប។
សូមបញ្ជាក់ថា, តាមរយៈការយកចិត្តទុកដាក់របស់សមត្ថកិច្ចនគរបាល នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឈានដល់ឃាត់ខ្លួនជនសង្ស័យនៃក្រុមឧក្រិដ្ឋជន បានម្នាក់ទៀត ។
បច្ចុប្បន្នជនត្រូវចោទម្នាក់ ត្រូវបានដោះលែង បន្ទាប់ពីចៅក្រមស៊ើបសួរចេញដីកាដំណោះស្រាយ ប៉ុន្តែអ្វីដែលខាងអង្គភាពមណ្ឌលកែប្រែទី១ បានចេញលិខិតដុះលេងមនុស្សតាមសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរ គឺខុសនីតិវិធី ចេញលិខិតដោះលែងដោយខ្លួនឯង តាមដីកាសម្រេចរបស់តុលាការ ប៉ុន្តែមិនបានបំពេញនីតិវិធី ធ្វើរបាយការណ៍ និងបញ្ជូនមនុស្ស ទៅអង្គភាព អគ្គនាយកដ្ឋាន នគរបាលអន្តោប្រវេសន៍ ដើម្បីឲ្យអង្គភាពនេះ បន្តនីតិវិធី ក្នុងការបណ្ដេញចេញពីប្រទេសកម្ពុជា ! ការអនុវត្តផ្ទុយពីនីតិវិធីនេះហើយ ធ្វើឱ្យជនជាតិចិន ដែលត្រូវបានតុលាការដោះលែង មានសេរីភាពរស់នៅក្នុងទឹកដីកម្ពុជាបានដដែល។
ជុំវិញករណីខាងលេីនេះដែរ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានទំនាក់ទំនងតាមប្រព័ន្ធសង្គមWhatsApp របស់លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ្ត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដេីម្បីសាកសួរពីនីតិវិធីនៃការដោះលែងជនសង្ស័យខាងលេីនេះ លោកបានផ្ញើសារសំឡេងរបស់លោកឧត្តមអគ្គានុរក្ស.២ ម៉ុង ម៉េងអ៊ាន់ ប្រធានមជ្ឈមណ្ឌលអប់រំពន្ធនាគារ បានបញ្ជាក់ថា ដីកាបង្គាប់លើកលែងការចោទប្រកាន់ ដោយខាងចៅក្រមស៊ើបសួរមិនបានដាក់ឱ្យបណ្ដាញចេញនោះទេ។
លោកឧត្តមអគ្គានុរក្សរូបនេះ បន្តថា រហូតមកដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ទើបឃើញដីកាដាក់មកឱ្យខាងគាត់ ត្រូវបណ្ដាញជនជាតិចិននោះចេញពីកម្ពុជាវិញ។
ជាមួយគ្នានោះ លោក ឆែម សាវុធ ឧត្តមអគានុរក្សថ្នាក់លេខ១ អគ្គនាយកនាយកដ្ឋានពន្ធនាគារ ក៏បានបញ្ជាក់ដែរថា ដីកាបង្គាប់ឱ្យដោះលែងជនជាប់ចោទខាងលេីនេះ ចេញតាំងពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ មិនបានដាក់ឱ្យបណ្ដាញចេញនោះទេ លុះមកដល់ថ្ងៃទី១០ ខែកក្កដា ទើបបង្គាប់ឱ្យបណ្ដាញចេញពីកម្ពុជា ចឹងគឺផុតដៃរបស់គាត់ហើយ៕
ដោយ៖ សហការី