ខេត្តព្រៃវែង៖ លោកសន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច បានលើកឡើងថា រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺសភាពការណ៍មានភាពល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ រយៈពេល ១៥ថ្ងៃ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច។ ពិធីនេះ ធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោត ១៥ថ្ងៃនេះ គឺសភាពការណ៍ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង និងអសន្ដិសុខណាមួយកើតឡើងនោះឡើយ។
ទន្ទឹមគ្នានេះ លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានណែនាំដល់ដែលក្រុមការងារគណបក្សប្រជាជន នៅពេលដែលចុះឃោសនា និងបង្ហាញគូសសន្លឹកឆ្នោត មិនត្រូវចុះទៅភ្លាមៗ បង្រៀនគូសសន្លឹកឆ្នោតតែម្ដងនោះទេ គឺដំបូងត្រូវសំណេះសំណាល និងសាកសួរសុខទុក្ខអំពីជីវភាពការរស់នៅ និងបញ្ហាផ្សេងៗ របស់ពួកគាត់ ដែលរស់នៅជាប្រចាំថ្ងៃ៕
ដោយ៖សហការី