ខេត្តព្រៃវែង៖ ករណីឃាតកម្មមួយបានកើតឡើង ដោយជនសង្ស័យយកកាំបិតផ្គាក់កាប់សន្ធាប់លើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ព្រោះតែខឹងជនរងគ្រោះដើរនិយាយដៀមដាមថា ជនសង្ស័យជួញដូរគ្រឿងញៀន ។ករណីឃាតកម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៥៨ នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ មុខផ្ទះឈ្មោះ យិន គឿន ភេទ ស្រី អាយុ ៦៩ ឆ្នាំ ភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
ជនសង្ស័យ ឈ្មោះ ចិន គឹមហ័រ ភេទ ប្រុស ជនជាតិ ខ្មែរ អាយុ ៤២ ឆ្នាំ ។ ជនរងគ្រោះ ចំនួន ០១ នាក់ ឈ្មោះ លាង សុជា ភេទស្រី ជនជាតិខ្មែរ អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
នៅមុនពេលកើតហេតុ ជនសង្ស័យបានរអ៊ូរទាំដាក់ជនរងគ្រោះថា ជនរងគ្រោះដើរនិយាយថា ខ្លួនចែកចាយគ្រឿងញៀនចាប់តាំងពីពេលល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់វេលាម៉ោង ៥ និង ៤០នាទី ជនសង្ស័យបានយកកាំបិតផ្គាក់មកកាន់នឹងដៃរបស់ខ្លួន រួចឃើញជនរងគ្រោះ ដើររុញរទេះដឹកកូនអាយុ ១ខួប តាមថ្នល់កៅស៊ូ ជនសង្ស័យក៏ស្ទុះមកកាប់ទៅលើជនរងគ្រោះត្រូវខ្នង ចំនួន ២ កន្លែង, ក្បាល ចំនួន ២ កន្លែង, ដៃឆ្វេង ចំនួន ២ កន្លែង បណ្ដាលឱ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុភ្លាម ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ និងដោយមានការសម្របសម្រួលពីលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ ធ្វើកោសល្យវិច័យ និងបានចាប់ឃាត់ខ្លួនជនសង្ស័យយកផ្ដន្ទាទោសតាមច្បាប់ ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចាប់ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សហការី