ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលជំនាញបញ្ជូនខ្លួនជនសង្ស័យចំនួន១១នាក់ ទៅសាលាដំបូងខេត្តករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យចំនួន១១នាក់ /ស្រី០១នាក់រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ នៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំនួន០៣ករណីដោយឡែកពីគ្នាឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់/ស្រី០១នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងអនុវត្តនីតិវិធីបន្ត ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាង មាន៖១/-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៤៩កូនថង់ ច្រកចូលថង់តែ០១ ទម្ងន់ស្មើ១១.២៥ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,២/-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០២ថង់ ច្រកចូលថង់តែ០១ ទម្ងន់ស្មើ៤៧.៦៨ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ,៣/-ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ( WY )​ចំនួន៩៩គ្រាប់ និងពណ៌បៃតង០១គ្រាប់ សរុបចំនួន១០០គ្រាប់  ស្មើទម្ងន់០៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,៤/-ជញ្ជីងសម្រាប់ថ្លឹង០១, ៥/-ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, ៦/-សំបកថង់មួយចំនួន,៧/-កាំបិតវែងចំនួន០៤ដើម, ៨/-ទូរស័ព្ទ០១គ្រឿង៕

ដោយ ៖ វណ្ណា


ចែករំលែក៖