ព័ត៌មានទាន់ហេតុការណ៍៖

លិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុនសែន និងនាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ ៖ លិខិតអបអរសាទររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោក Li Qiang នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម លី ឈាង

នាយករដ្ឋមន្តី សាធារណរដ្ឋប្រជាមានិតចិន

ប៉េកាំង

ឯកឧត្តម តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង សូមសម្តែង នូវអំណរសាទរយ៉ាងស្មោះអស់ពីដួងចិត្ដ និងពរសព្ទសាធុការជូន ឯកឧត្ដម និងតាមរយៈ ឯកឧត្តម ជូនចំពោះប្រជាជនចិន ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ទំនាក់ទំនងការទូតរបស់យើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ប៉ុន្តែតាមពិតចំណងទាក់ទងជា ប្រពៃណីនេះ បានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម៉្លេះ។ តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះ ថ្នាក់ដឹកនាំជំនាន់ក្រោយៗ នៃប្រទេសទាំងពីរបានថែរក្សា និងពូនជ្រំបានយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនង នេះ ដែលធ្វើឱ្យប្រទេសយើងទាំងពីរមានចំណងមិត្តភាពដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន នាពេលបច្ចុប្បន្ន។

ទំនាក់ទំនងទ្វេភាគីរបស់យើង ដែលបានកសាងឡើងឈរលើមូលដ្ឋានដ៏រឹងមាំ នៃទំនុកចិត្តផ្នែក នយោបាយ និងការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព និងអធិបតេយ្យភាព បានបន្តរីកចម្រើន កាន់តែរឹងមាំឡើងៗ និងបានវិវឌ្ឍទៅជាមិត្តភាពដែកថែប ដែលត្រូវបានគាំទ្រដោយការផ្លាស់ប្ដូរ ទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ រួមទាំងការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ និងការគាំទ្រគ្នាទៅវិញ ទៅមកទាន់ពេលវេលា ក្នុងគ្រប់កាលៈទេសៈទាំងអស់។

ដំណើរទស្សនកិច្ចភ្លាមៗមិនបានគ្រោងទុករបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំង នៅដើមឆ្នាំ២០២០ ដើម្បី បង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងដំណាក់កាលដំបូង នៃការផ្ទុះ រាលដាលជំងឺរាតត្បាតសកលកូវីដ-១៩ និងការគាំទ្រទាន់ពេល និងធំធេងរបស់ចិន សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំ នៃសាមគ្គីភាព និង មិត្តភាពដែកថែបរបស់យើង ជាពិសេស ក្នុងស្ថានភាពលំបាក។

ខ្ញុំកត់សម្គាល់ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំងផងដែរ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា របស់យើង ក្នុងផ្នែកសេដ្ឋកិច្ច ដែលបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ប្រទេស និងប្រជាជន យើងទាំងពីរ។ ក្រៅពីភាពជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ចិនបច្ចុប្បន្នជាកម្លាំងចលករដ៏ សំខាន់នៃការជំរុញការវិនិយោគទុនផ្ទាល់ពីបរទេស និងជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំចំពោះកម្ពុជា។ ខ្ញុំមានមោទកភាពចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់យើង ដែលបានចូលជាធរមាននៅ ឆ្នាំ២០២២ បានជំរុញយ៉ាងខ្លាំងនូវពាណិជ្ជកម្មទ្វេភាគី និងលំហូរវិនិយោគ។ ជាមួយនឹងកិច្ចព្រមព្រៀង នេះ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីឱ្យកើនឡើងដល់ ១៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ដូចដែលយើងបានឯកភាព កំណត់ក្នុងគោលដៅ។

ជាមួយនឹងការគាំទ្រចេញពីដួងចិត្តរបស់មិត្តចិន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ ក្នុងការ រៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ កាលពីខែឧសភា និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពី ខែមិថុនាកន្លងទៅ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត មួយនេះ ដែលនេះបង្ហាញឱ្យឃើញពីមោទកភាពដ៏អស្ចារ្យសម្រាប់កម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូម ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តចិន ដែលតែងតែគាំទ្រ និងផ្ដល់ជំនួយ សម្រាប់ការអភិវឌ្ឍ រយៈពេលវែងនៅកម្ពុជា ស្របទៅតាមលក្ខខណ្ឌ និងលក្ខណៈរបស់កម្ពុជា។ សូម ឯកឧត្តម ជឿជាក់ នូវជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ឥតងាករេចំពោះគោលនយោបាយចិនមួយ និងការគាំទ ចំពោះគំនិតផ្តួចផ្តើមផ្សេងទៀតដែលស្នើដោយមិត្តចិន ដូចជា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ គំនិត ផ្ដួចផ្ដើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្ដើមសន្តិសុខសកល ក្នុងចំណោមគំនិតផ្ដួចផ្ដើមដទៃទៀត។

ក្នុងកាលៈទេសៈ នៃការប្រឈមបញ្ហាធំៗនៅក្នុងពិភពលោក យុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន គឺ ពិតជាសំខាន់ជាពេលណាៗទាំងអស់។ ខ្ញុំមានជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នា កិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងនឹងបន្តរីកចម្រើន កាន់តែស៊ីជម្រៅ និងវិសាលភាពធំទូលាយ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីជំរុញ បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវសហ គមន៍វាសនារួម និងពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររបស់យើង ក៏ដូចជាការលើកកម្ពស់កិច្ចសហ ប្រតិបត្តិការក្នុងតំបន់ និងលើឆាកអន្តរជាតិ

ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស និងប្រជាជន យើងទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ និងសូមជូនពរ ឯកឧត្ដម បន្តមានសុខភាពល្អ និង ជោគជ័យគ្រប់ភារកិច្ច។

ហ៊ុន សែន

ដោយ ៖ សិលា


ចែករំលែក៖