ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
គួរជម្រាបជូនថា នៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា កន្លងទៅ រាជរដ្ឋាភិបាលបានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើន អាចបង្កឱ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬ ករណីខ្លះអាចបណ្តាលឱ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។ អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងបានកំណត់រៀបចំ ធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារ តែការពិសាគ្រឿងស្រវឹងនោះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម ៖
១- ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ និងអាជីវករទាំងអស់ដែលរស់នៅក្នុងព្រះរាជា ណាចក្រកម្ពុជា ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាល ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំ ការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរួមចំណែកទប់ស្កាត់អំពើហិង្សា ការគំរាមកំហែង ការបំភិតបំភ័យ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម និងបាតុភាពនានាដែលអាច បណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។
២- ក្រសួង ស្ថាប័ន កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋាន របស់ខ្លួនឱ្យអនុវត្តការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ដើម្បីចូលរួមធ្វើឱ្យកិច្ចដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោបាយល្អ ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា។
៣- ក្រសួងព័ត៌មាន ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើការផ្សព្វផ្សាយសេចក្ដីណែនាំនេះ តាមគ្រប់ប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋ និងឯកជន ជូនដល់ប្រជាពលរដ្ឋ ជនបរទេស ពាណិជ្ជករ អាជីវករ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យបានយល់ជ្រួតជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ខាងក្រោមនេះ ៖
ដោយ៖សហការី