ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីឥណ្ឌាវាយដុតផ្ទះជនបង្ខំនារី២នាក់ឱ្យដើរអាក្រាតដង្ហែតាមផ្លូវ

ចែករំលែក៖

ស្ត្រីជាច្រើននៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌាបានវាយប្រហារដុតផ្ទះរបស់ជនសង្ស័យសំខាន់ក្នុងករណីបង្ខំក្មេងស្រីពីរនាក់ឱ្យដើរអាក្រាតកាយដង្ហែតាមដងផ្លូវ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី ២១ ខែកក្កដា ប៉ូលិសរដ្ឋ Manipur បាននិយាយថា បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានអូសនារីពីរនាក់នៅលើផ្លូវកាលពីថ្ងៃទី ៤ ខែឧសភា និងញុះញង់ហ្វូងមនុស្សឱ្យដោះអាវដើរហែក្បួន និងរំលោភលើជនរងគ្រោះ។
ឧបទ្ទវហេតុនេះបានកើតឡើងជាងពីរខែមកហើយ ប៉ុន្តែថ្មីៗនេះបានបង្កការខឹងសម្បាទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីវីដេអូដែលថតបានការរំលោភផ្លូវភេទដ៏គួរឱ្យរន្ធត់នេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។
ជនសង្ស័យសំខាន់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាអ្នករស់នៅក្នុងរដ្ឋ Manipur ត្រូវបានចាប់ខ្លួននៅថ្ងៃទី ២០ ខែកក្កដា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Narendra Modi បានថ្កោលទោសការវាយប្រហារនេះថា “គួរឱ្យអាម៉ាស់” និងបានសន្យាថានឹងមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើជនល្មើស។
មុខសញ្ញាបីនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនដែរ ហើយប៉ូលិសកំពុងសាកសួរមនុស្សយ៉ាងតិច៣០នាក់ទៀតដែលពាក់ព័ន្ធនឹងបទល្មើសនេះ។ លោក Hemant Pandey មន្ត្រីប៉ូលិសជាន់ខ្ពស់នៅ Imphal រដ្ឋ Manipur បាននិយាយថា “ស្ត្រីក្នុងតំបន់បានគប់ដុំថ្មនិងដុតផ្ទះជនសង្ស័យសំខាន់ក្នុងករណីនេះ។ យើងស្នើឱ្យអ្នករាល់គ្នាតវ៉ាដោយសន្តិវិធី។ យើងយល់ពីកំហឹងរបស់ពួកគេ” ។
កាលពីខែឧសភា ប៉ូលិសបានទទួលព័ត៌មានថា ហ្វូងមនុស្សប្រដាប់ដោយអាវុធបានសម្រុកចូលភូមិមួយក្នុងស្រុក Kangpokpi ដើម្បីដុតផ្ទះជាច្រើនខ្នងមុនពេលវាយប្រហារសមាជិកនៃកុលសម្ព័ន្ធ Kuki ។
ក្រុមនោះបានរំលោភសេពសន្ថវៈលើស្រីអាយុ១៩ឆ្នាំ២នាក់និង២១ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ក៏ត្រូវបានគេអូសនៅតាមផ្លូវក្នុងសភាពអាក្រាតកាយផងដែរ ។
ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាទាមទារយុត្តិធម៌ និងការស៊ើបអង្កេតយ៉ាងរហ័សលើករណីនេះចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ស្ត្រី៕

ដោយ៖ ធីរីណា(ប្រភពរូប៖ The guardian)


ចែករំលែក៖