ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកនេះ ! សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចហើយ ជាមួយប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ  បានអញ្ជើញទៅបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រនីតិកាលទី៧រួចហើយ នៅការិយាល័យបោះឆ្នោតក្នុងសាលា​គរុ​កោ​សល្យវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្តាល រួចហើយ ជាមួយប្រជាពលរដ្ឋ។ 

សូមបញ្ជាក់ថា : ក្រៅពីសម្តេចតេជោ ហ៊ុន សែន ជាប្រធានបក្សអញ្ជើញទៅបោះឆ្នោតនៅក្រុង​តា​ខ្មៅ​ហើយនោះ ជាមួយប្រជាពលរដ្ឋ ក៏មានថ្នាក់ដឹកនាំគណបក្សប្រជាជនដទៃទៀត​ ក៏នឹងអញ្ជើញ​ទៅ​បោះឆ្នោតនៅតាមការិយាល័យនៅតាមបណ្តាខេត្តនានា ដែលជាទីតាំងចុះទៅ​ពង្រឹង​ការងារផងដែរ។ 

-ដោយឡែក ក្នុងនោះសម្តេច ហេង សំរិន ប្រធានកិត្តិយស​គណ​បក្ស​ប្រជា​ជនកម្ពុជា អញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោត​ក្នុងវិទ្យាល័យ​អន្លង់ជ្រៃ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ, ។

-សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញបោះឆ្នោតនៅ​ការិ​យាល័យបោះឆ្នោតក្នុងវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌ​ដូន​ពេញ រាជធានីភ្នំពេញ, ។ 

-សម្តេចក្រឡាហោម ស ខេង អញ្ជើញបោះ​ឆ្នោតនៅ​ការិយា​ល័យបោះឆ្នោតក្នុងវិទ្យាល័យអនុវិទ្យាល័យសោហឺ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង, ។

-សម្តេចពិជ័យសេនា ទៀ បាញ់ បោះនៅវិទ្យាល័យឥន្ទ្រ​ទេវី រាជធានីភ្នំពេញ, ។

-សម្តេចកិត្តិសង្គហបណ្ឌិត មែន សំអន បោះនៅសាលាបឋមសិក្សាព្រះសីហនុ ក្នុងក្រុងស្វាយរៀង។

– ដោយឡែកបេក្ខនាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត បោះនៅសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។

ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។ គណបក្សទាំង ១៨នោះរួមមាន៖

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

២៖ គណបក្ស ខ្មែរតែមួយ

៣៖ គណបក្ស សញ្ជាតិកម្ពុជា

៤៖ គណបក្ស ខ្មែររួបរួមជាតិ

៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ

៦៖ គណបក្ស កសិករ

៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី

៨៖ គណបក្ស ខ្មែរឈប់ក្រ

៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច

១០៖ គណបក្ស ធម្មាធិបតេយ្យ

១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន

១២៖ គណបក្ស បំណងពលរដ្ឋ

១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

១៤៖ គណបក្ស ឯកភាពជាតិខ្មែរ

១៥៖ គណបក្ស ខ្មែរអភិរក្ស

១៦៖ គណបក្ស យុវជនកម្ពុជា

១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

១៨៖ គណបក្ស ប្រជាជនកម្ពុជា។

ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ។

សូមជម្រាបជូនថា : ការបោះឆ្នោតដោយសម្ងាត់ សេរី យុត្តិធម៌ និងតម្លាភាព ដោយស្មើភាព ដោយចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឱ្យភាគីពាក់ព័ន្ធនឹងការបោះឆ្នោត បានចូលរួមតាមដាន សង្កេតមើលដំណើរការបោះឆ្នោត យ៉ាងច្រើនកុះករ ក្នុងនោះរួមមាន៖ អ្នកសង្កេតការណ៍ជាតិ មានចំនួនសរុប ៨៩.៥៦២ រូប ស្ត្រីចំនួន ៥២.៦៥២ រូប មកពី ១៣៤ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងអ្នកសង្កេតការណ៍អន្តរជាតិ មាន ចំនួនសរុប ៥៨៦ រូប ស្ត្រី ១៦៣ រូប មកពី ៥២ ស្ថាប័ន។

ភ្ញៀវពិសេស មានចំនួនសរុប ១៨ រូប ស្រ្តីចំនួន ៧ រូប មកពី ១០ សា្ថប័ន។ (តារាងលម្អិត៖ www.nec.gov.kh/khmer/content/7207)

អ្នកសារព័ត៌មានជាតិ មានចំនួនសរុប ១.២៨៩ នាក់ ស្ត្រីចំនួន ១៨៥ នាក់ មកពី ១២៧. អង្គភាព និងអ្នកសារព័ត៌មានអន្តរជាតិ មានចំនួនសរុប ១៣៧ នាក់ ស្ត្រីចំនួន ៣០ នាក់ មកពី ៣៨ អង្គភាព។

(តារាងលម្អិត៖ www.nac.gov.kh/khmer/content/7206)

អ្នកសង្កេតការណ៍បោះឆ្នោត មិនត្រូវផ្តល់ការណែនាំ ការស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត និង មិនត្រូវរំខាន ឬជ្រៀតជ្រែកដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឬបំពានទៅលើបទប្បញ្ញត្តិ ទាំងឡាយនៃច្បាប់បោះឆ្នោត បទបញ្ញា និងនីតិវិធី រួមនឹងសេចក្ដីណែនាំរបស់ គជបឡើយ។ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ត្រូវប្រកាន់ខ្ជាប់នូវក្រមសិល់កែងបំពេញ ភារកិច្ចរៀងៗខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖