ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញទទួលជួបសម្តែងការគួរសម ជាមួយនាយករដ្ឋមន្ត្រី នៃប្រទេសហ្គីណេប៊ីសាវ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមជាមួយលោក ប៉ារទីដូ ដឺ នូណូ ណាប៊ីម (Partido de Nuno Nabiam) ដែលជានាយករដ្ឋមន្ត្រីប្រទេសហ្គីណេប៊ីសាវ (Guinea-Bissau) ដែលឯកឧត្តមបានអញ្ជើញមកបំពេញទស្សនកិច្ចការងារ និង 

មកចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីនៃប្រទេស  ហ្គីណេប៊ីសាវ ដែលបានទទួលយកនូវការអញ្ជើញរបស់សម្ដេច មកសង្កេតការបោះឆ្នោតនៅកម្ពុជានៅពេលនេះ។ សម្តេចតេជោបានមានប្រាសាសន៍ថា សម្ដេចនឹងរៀបចំឲ្យមានគណៈប្រតិភូកសិកម្មមួយ ដើម្បីទៅសិក្សាស្វែងយល់នៅប្រទេសហ្គីណេប៊ីសាវ ថាតើកម្ពុជាអាចជួយអ្វីបាន? តាមគំនិតរបស់សម្ដេច គឺចង់រៀបចំតំបន់មួយដែលមានប្រព័ន្ធប្រឡាយទឹក មានថ្នាលដើម្បីបណ្ដុះពូជស្រូវ ដែលផ្ដល់ទិន្នផលខ្ពស់ដល់ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ 

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរទស្សនៈកិច្ចរបស់ប្រធានាធិបតី ហ្គីណេប៊ីសាវ នៅពេលខាងមុខ សម្ដេចចង់ឱ្យមានកិច្ចព្រមព្រៀង លើឯកសារមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កិច្ចព្រមព្រៀងលើវិស័យវិនិយោគ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលអាចធ្វើទៅបាន។ 

នៅក្នុងជំនួបពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហើបពីការរៀបចំឱ្យមានការបន្តវេនក្រោយការបោះឆ្នោត ដែលលោកនាយករដ្ឋមន្ត្រី ហ្គីណេប៊ីសាវ បានសន្យាថានឹង ធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត។ 

បន្ទាប់ពីការជួបពិភាក្សារួចហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំនូវអាហារពេលល្ងាចក្រៅផ្លូវការ ជូនលោកនាយករដ្ឋមន្ត្រី នៃប្រទេស ហ្គីណេប៊ីសាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ចការងារ និងសង្កេតការបោះឆ្នោតនៅកម្ពុជាន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង៕

ដោយ ៖ សហការី


ចែករំលែក៖