ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងរុស្ស៉ីបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមជាទ្រង់ទ្រាយធំ

ចែករំលែក៖

កាលពីថ្ងៃទី២៣ខែកក្កដា ចិននិងរុស្ស៉ីបានបិទបញ្ចប់ការធ្វើសមយុទ្ធយោធាផ្លូវទឹកនិងផ្លូវអាកាសរួមគ្នារវាងប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅនៅតំបន់សមុទ្រជប៉ុន ស្របពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខឱ្យកាន់តែស៉ីជម្រៅជាមួយជប៉ុននិងកូរ៉េខាងត្បូង។
នាវាចម្បាំងសរុបជាង១០គ្រឿង និងយន្តហោះចម្បាំងជាង៣០គ្រឿងមកពីប្រទេសចិននិងរុស្ស៉ី បានចូលរួមក្នុងសមយុទ្ធយោធាហៅថា Northern/Interaction-2023 ដែលមានរយៈពេល៤ថ្ងៃ។ លោក ឈីវ វិនសឹង (Qiu Wensheng) ដែលជាមន្រ្តីយោធាចិនទទួលបន្ទុកដឹកនាំការធ្វើសមយុទ្ធនេះបាននិយាយថា វាគឺជាសកម្មភាពសំខាន់មួយក្នុងគោលដៅរក្សាការពារសន្តិសុខនៅតាមច្រកផ្លូវទឹកយុទ្ធសាស្រ្ត។ រីឯមន្រ្តីយោធារុស្ស៉ី លោក ខាឡឺរី កាសកូវ (Calery Kazkov) ដែលជាមេដឹកនាំរងនៃការធ្វើសមយុទ្ធ បាននិយាយថា វាបានជួយពង្រឹងសមត្ថភាពរបស់ភាគីទាំងពីរក្នុងការឆ្លើយតបចំពោះការគំរាមកំហែងយោធាផ្សេងៗ។
សមយុទ្ធខាងលើគឺជាកាយវិការថ្មីចុងក្រោយមួយទៀត បង្ហាញពីការកើនឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងចិននឹងរុស្ស៉ី ដែលបានមើលឃើញការធ្វើប្រាស្រ័យទាក់ទងរវាងក្រុមមន្រ្តីយោធាជាន់ខ្ពស់ ហើយនិងការធ្វើសមយុទ្ធយោធារវាងប្រទេសទាំងពីរកាន់តែញឹកញាប់ជាងមុន។ វាកើតមានចំពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសកម្មភាពយោធានិងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួននៅអាស៉ី។ កាលពីខែមិថុនាកន្លងទៅ សេតវិមានបានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីការរក្សាស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ និងការសហការសម្របសម្រួលគ្នា ជុំវិញបញ្ហានៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូង៕ ដោយ៖ ធីរីណា

រូប​ថត​៖ CAND


ចែករំលែក៖