ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សចំនួន៤នាក់រងរបួស ករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​មន្ត្រី​ជំនាញ​បានឃាត់ខ្លួន​អ្នកបើបរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង​ម៉ូតូ​ និងរថយន្តបណ្តាលឱ្យមនុស្សចំនួន៤នាក់រងរបួស​ ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ក៏បានឃាត់ខ្លួន​​អ្នកបើកបរ​ ដេីម្បីចាត់ការតាមច្បាប់​ផងដែរ។ 

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកេីតឡេីង​កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង១៧និង០៥នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ស្ថិតក្នុងភូមិអូតានេស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចចរាចរណ៍​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី២៥​ ខែកក្កដា​នេះថា​ មុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកTOYOTA (ស្វិត) ពណ៌ស ពាក់ផ្លាកលេខ គ97.12 ភព2  បើកបរដោយឈ្មោះ ស៊ូ ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ាង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកបរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ក៏បានទៅពារម៉ូតូមួយគ្រឿងម៉ាកHONDA 125 ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 1JO-6285 (ក្នុងដំណើរស្របទិសគ្នា) បើកបរដោយឈ្មោះ លន់ ហេងឡុង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរ៣នាក់ ទៀត ១-ឈ្មោះ ណូន ស្រីតូច ភេទស្រី អាយុ៣៩ឆ្នាំ (ប្រពន្ធ), ២-ឈ្មោះ សៀង អេង ភេទស្រី អាយុ៧ឆ្នាំ (កូន) ៣-ឈ្មោះ សៀង អ៊ី ភេទស្រី អាយុ២ឆ្នាំ(កូន) បណ្ដាលឲ្យរងរបួសប្រពន្ធនិងកូនទាំងបីនាក់។             

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យវាស់វែង និងបញ្ជូនអ្នករងរបួសទៅ សង្គ្រោះនៅមន្ទីរពេទ្យ អ្នកបើកបររថយន្ត ត្រូវបាននាំខ្លួន ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី វត្ថុតាងបានចាប់យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ៕

ដោយ៖ អរុណរះ


ចែករំលែក៖