ព័ត៌មានទាន់ហេតុការណ៍៖

ចិន ៖ រដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានដកហូតដំណែង

ចែករំលែក៖

ទូរទស្សន៍កណ្តាលចិន (CCTV) ទើបតែបានផ្សាយព្រឹត្តិបត្រមួយនៅរសៀលថ្ងៃទី២៥ ខែកក្កដា ជាមួយនឹងខ្លឹមសារដែលរដ្ឋមន្ត្រីការបរទេស Qin Gang ត្រូវបានបណ្តេញចេញពីការងារ។
លោក Qin Gang មិនបានបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលមួយខែមកហើយ។ គាត់បានបង្ហាញខ្លួនចុងក្រោយនៅថ្ងៃទី ២៥ ខែមិថុនា នៅពេលដែលគាត់បានទទួលអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Andrey Rudenko នៅទីក្រុងប៉េកាំង។
យោងតាមរបាយការណ៍ខ្លីរបស់ CCTV លោក Wang Yi ដែលជាអ្នកការទូតកំពូលរបស់ប្រទេសចិន និងជាប្រធានការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការបរទេសនៃបក្សកុម្មុយនិស្តចិន គឺជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសនេះ។
របាយការណ៍មិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញលោក Qin ចេញនើទេ។
ការសម្រេចចិត្តបណ្តេញលោក Qin ធ្វើឡើងនៅក្នុងសម័យប្រជុំពិសេសនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនកាលពីថ្ងៃទី ២៥ ខែកក្កដា។ សម័យប្រជុំនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីការិយាល័យនយោបាយរបស់ប្រទេសចិនបានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងសង្គមជាច្រើន។
មុននេះ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា កិច្ចប្រជុំថ្ងៃទី ២៥ ខែកក្កដា នឹង “ពិចារណាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ និងសម្រេចលើការតែងតាំង និងការបណ្តេញមន្ត្រី”។
យោងតាមកាសែត South China Morning Post ការបណ្តេញលោក Qin ត្រូវបានធ្វើឡើងស្របតាមច្បាប់ស្តីពីការរៀបចំរដ្ឋសភានៃប្រទេសចិន ដែលចូលជាធរមានចាប់ពីខែមីនា ឆ្នាំ២០២១។ ច្បាប់នេះអនុញ្ញាតឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនអាចតែងតាំង ឬបណ្តេញសមាជិកក្រុមប្រឹក្សារដ្ឋ (រដ្ឋាភិបាល) ដោយមិនចាំបាច់រង់ចាំសម័យប្រជុំថ្នាក់ជាតិ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖