ព័ត៌មានទាន់ហេតុការណ៍៖

កាត់ទោសអតីតផ្កាយ២ ហៃ ច័ន្ទភារិទ្ធ សុីដាច់ប្រាក់វិនិយោគជិត៧លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ សំណុំរឿងអតីតមេទាហានផ្កាយ២ឈ្មោះ ហៃ ច័ន្ទ ភារិទ្ធ សុីដាច់ប្រាក់ទុនវិនិយោគពីបរទេសជិត៧លានដុល្លារ ក្រោមរូបភាពទិញ លក់ដីខ្យល់នៅឧទ្យានមុនីវង្សបូកគោ ត្រូវបានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញលើកយកមកកាត់ទោសកាលពីព្រឹកថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣នេះនៅចំពោះមុខជនជាប់ចោទ ។

   លោកស្រី ទិត្យ ដាលីន ប្រធានក្រុមប្រឹក្សាជំនុំជំរះបានលើកឡើងថា តុលាការបានចោទប្រកាន់លោក ហៃ ច័ន្ទភារិទ្ធ និងឈ្មោះ គៀត សូនី ពីបទ « ឆបោក បទរំលោភលើទំនុកចិត្ត បទសម្អាតប្រាក់ និងបទប្រើប្រាស់លិខិតក្លែង » ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៩បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ ហើយបទល្មើសទាំងហ្នឹងត្រូវបញ្ចូលក្នុងសំណុំរឿងតែមួយដើម្បីជំនុំជំរះតាមច្បាប់ ។

    ប្រឈមមុខការចោទប្រកាន់នេះ ជនជាប់ចោទ បានសារភាពថា កាលពីអំឡុងឆ្នាំ២០១៨ ខ្លួនបានស្គាល់និងរាប់អានជនជាតិម៉ាឡេសុីម្នាក់មានប្រពន្ធខ្មែរ បានពឹងពាក់អោយខ្លួនរកទិញដីនៅក្នុងខេត្តកំពត បន្ទាប់មកខ្លួនបានជួបឈ្មោះ គៀត សូនី ដែលជាអ្នកប្រមូលទិញដីដំបូងឡើយទិញបាន១៦២ហិកតានៅក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត តាមរយៈកិច្ចសន្យាទិញលក់ជាមួយខ្លួន ហៃ ច័ន្ទភារិទ្ធ និងគៀត សូនី ក្នុងតម្លៃ ១,២៥ លានដុល្លារ ។ 

ក្រោយមកជនជាតិម៉ាឡេសុីនោះស្រលាញ់ដីនៅម្ដុំនោះទៀតខ្លួនក៏បានអោយគៀត សូនី ប្រមូលទិញបន្ថែមបាន៤១ហិកតាទៀត ដោយសរុបទាំងអស់ខ្លួនបានទទួលប្រាក់ជាបន្តបន្ទាប់ពីក្រុមហ៊ុនចំនួន៦,៧លានដុល្លារ រួមទាំងប្រាក់រត់ការធ្វើប្លង់ដីផង ព្រោះដីដែលប្រមូលទិញគឺមានលិខិតទិញលក់ត្រឺមមេភូមិប៉ុណ្ណោះដោយសារដីនោះជាប់ពាក់ព័ន្ធនិងដីគំរបឧទ្យានមុនីវង្សបូកគោ លុះក្រោយមកក្រុមហ៊ុនវីនហុីលសុីធី ក៏បានដាក់ពាក្យប្ដឹងខ្លួនតែម្ដង នៅពេលដែលក្រសួងបរិស្ថានធ្វើលិខិតបញ្ជាក់ថាជាដីរដ្ឋ។

    លោកហៃ ច័ន្ទភារិទ្ធ បានសារភាពទៀតថា ក្នុងទំហំដី២០៣ហិកតា ដែលខ្លួនប្រមូលទិញអោយក្រុមហ៊ុននោះគឺមានតែ២ហិកតាប៉ុណ្ណោះដែលមិនស្ថិតនៅក្នុងដីរដ្ឋឧទ្យានជាតិមុនីវង្ស ។

   ដោយសារជនជាប់ចោទបានសារភាព តំណាងអយ្យការ លោក ទី មុនិន្ទ បានតម្កល់ទុកបទចោទប្រកាន់ទាំងអស់លើលោកហៃ ច័ន្ទភារិទ្ធ និងឈ្មោះ គៀត សូនី ហើយស្នើអោយតុលាការសម្រេចតាមច្បាប់ ។

    ចំណែកមេធាវីតំណាងក្រុមហ៊ុនបានទាមទារសំណងខូចខាតចំនួន៦,៧លានដុល្លារ និងប្រាក់ជំងឺចិត្តចំនួន២លានដុល្លារពីជនជាប់ចោទ ហៃ ច័ន្ទភារិទ្ធ និងសុំអោយតុលាការផ្ដន្ទាទោសជនជាប់ចោទតាមច្បាប់ ។

  លោកស្រី ទិត្យ ដាលីន ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ បានកំណត់យកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម 

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖