ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ខេវិន ដាក់ចំៗទៅអ្នកបង្អួតកេរ្តិ៍ម៉ែ តាំងខ្លួនជាតារា នាំឲ្យអាប់ឱនកិត្តិយសខូចតម្លៃសិល្បៈវប្បធម៌ខ្មែរធ្ងន់ធ្ងរ

ចែករំលែក៖

  ភ្នំពេញ៖ ទើសភ្នែកពិបាកស្តាប់នឹងពាក្យថា តារានេះតារានោះ ទាំងមិនមានស្នាដៃសិល្បៈអ្វីជាដុំកំភួន និងជួយចម្រើនដល់សង្គមផងក៏តាំងខ្លួនឯងជាតារា មិនថា តារាហ្វេសប៊ុក តារាTik Tok  និងមានសំណួរជាច្រើនចោទសួរថាតើពួកគាត់ធ្លាប់ឆ្លងកាត់ការហ្វឹកហាត់នៅសាលាណា ចូលរួមប្រគួតកម្មវិធីអ្វីនោះ។ នេះគឺជាអ្វីដែលគេតែងតែលេចចេញពីការលើកឡើងរបស់មហាជន។ ស្របគ្នានឹងរឿងរ៉ាវមួយចំនួនកំពុងផ្ទុះកក្រើកស្រាប់តែមុននេះអ្នកផលិតកម្មវិធីល្បីឈ្មោះលោក ខេវិន បានបញ្ចេញប្រតិកម្មដោយដាក់ចេញនូវពាក្យសម្តីច្បាស់ចំៗអំពីករណីនេះផងដែរ។ 

អតីតអ្នកផលិតកម្មវិធីរូបនេះបានលើកឡើងថាក្នុងភាសាខ្មែរពាក្យថាតារា(តារាករ ឬតារានិករ)គឺគេសំដៅទៅលើផ្កាយដែលរះចិញ្ចែងចិញ្ចាចនៅលើមេឃា។ នៅក្នុងវិស័យសិល្បៈវប្បធ៌ម ខ្មែរយើងគេក៏បានផ្តល់ពាក្យថាតារានេះសំដៅទៅ លើសិល្បករ សិល្បការិនីណាដែលមានទេពកោសល្យមានស្នាដៃឆ្នើមមានភាពល្បីល្បាញគ្មានអ្នកប្រៀបប្រដូចបានទាំងលើការសម្តែងនិងច្រៀងជាដើម។ គេពុំដែលហៅពពួកមនុស្សឆើតឆាយចាយឫក ចាយរាងហើយយកទូរស័ព្ទមកថតខ្លួនឯងសម្ញែងទាក់ប្រុស ទាញស្រីដើម្បីបានការចាប់អារម្មណ៍ពីគេឯងដើម្បីតែផលប្រយោជន៍បុគ្គលនោះថាជាតារាឡើយ ប៉ុន្តែបច្ចុប្បន្នប្រភេទមនុស្សបែបនេះហាក់មានច្រើននៅក្នុងសង្គមyoutube facebook tiktok onlinkជាដើម ។ ក៏មានប្រភេទមនុស្សច្រើនគួរសមដែរ ដូចពួកប្រុសព្រាន ស្រីញៀននឹងភាពបង្អួតកេរ្តិ៍ម៉ែ តែងតែច្រឡំតាំងខ្លួនជាតារា និង យល់ច្រឡំចំពោះតារា ដែលនាំឲ្យអាប់អោនកិត្តិយសខូចខាតតម្លៃនៃវប្បធ៌មសិល្បៈខ្មែរយ៉ាងធ្ងន់ធ្ងរ ជាពិសេសធ្វើឲ្យប៉ះពាល់ចំពោះអ្នកសិល្បៈពិតប្រាកដនោះតែម្តង។ ខ្ញុំចង់ឲ្យប្រុសព្រានញៀនស្រីញី និងពួកនារីចិត្តងាយតែងកាយទាក់ប្រុស ឈប់ប្រើពាក្យតារាហៅខ្លួនឯង និងយល់ច្រឡំចំពោះតារា ហើយប្រព្រឹត្តិអំពើស្មោកគ្រោកនាំឲ្យខូចពាក្យ”តារា” និងអាប់អោនទៅដល់តម្លៃនៃសិល្បៈវប្បធ៌មខ្មែរតទៅទៀត ។យើងជាកូនខ្មែរគ្រប់រូប មិនថាកំពុងរស់នៅលើមាតុភូមិកំណើតឬនៅក្រៅប្រទេស គប្បីខំសិក្សារៀនសូត្រអក្សរសាស្ត្រជាតិឲ្យបានជ្រៅជ្រះ និយាយភាសាខ្មែរឲ្យបានច្បាស់នឹងត្រឹមត្រូវ ទើបជាតិសាសន៍ដ៏ទៃមិនប្រមាថមាក់ងាយ។ សារនេះទទួលបានការគាំទ្រច្រើនពីមហាជន និងសិល្បករជាច្រើនដែលបានស្គាល់លោកដោយពួកគាត់ក៏បានធ្វើការចែករំលែកបន្តនូវខ្លឹមសារ និងរូបភាពភ្ជាប់មកជាមួយគ្នានេះក្នុងនោះក៏មានទាំងភ្ជាប់ដោយរូបថតសិល្បករជើងចាស់ដែលមានឈ្មោះបោះសំឡេងមកជាមួយផងដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖