ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារតាមផេកផ្លូវការរបស់លោកដោយលើកឡើងថា “សាររបស់សម្តេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ”។ ការបង្ហោះសារបែបនេះរបស់លោក ស សុខា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងសារពិសេសកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងសាររបស់លោកបានលើកឡើងថា សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងការសម្រេចជាឯកច្ឆ័ន្ទរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជាការរៀបចំផែនការជាតិដ៏គត់មត់ ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន ៖ រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។
ក្នុងសារដដែលបានបន្តថា ៖ នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបានសម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។ ទន្ទឹមនឹងការគោរពនូវសេចក្ដីថ្លែងសារដ៏សំខាន់បំផុតសម្រាប់ជាតិ ខ្ញុំនិងគ្រួសារ ព្រមទាំងក្រុមការងារ សូមសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ។
លោក ស សុខា បន្តទៀតថា ៖ ជាអត្តនោម័តរបស់ខ្ញុំ ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាការងារជាមួយគ្នា លោកបណ្ឌិត ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើកចំហលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំនិងរាជរដ្ឋាភិបាលជារួម គឺកម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក«ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។
ជាមួយគ្នានោះលោក ស សុខា បានគូសបញ្ជាក់ថា ៖ ពិតហើយថាគ្មានការជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល លែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោនិងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំនិងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំរបស់លោកមិនអាចប្រកែកបាន។ យើងខ្ញុំ នៅតែចងចាំនិងដឹងនូវគុណូបការៈមិនអាចបំភ្លេចបានឡើយ ជាពិសេសនៅតែបន្តរៀនសូត្រលុះអវសានពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់»។
ជាមួយគ្នានោះដែរ លោក ស សុខា បានគោរពជូនពរសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់របស់បក្ស និងរាជរដ្ឋាភិបាលពោរពេញដោយសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ជន្មាយុយឺនយូរ ដើម្បីជាម្លប់នៃយើងខ្ញុំ និងប្រជាពលរដ្ឋ ជាពិសេសឈរពីក្រោយជួយជ្រោងទង់កម្ពុជាឱ្យខ្ពស់ត្រដែតលើឆាកអន្តរជាតិ៕
ដោយ៖ ចន្ទ លីហ្សា