ព័ត៌មានទាន់ហេតុការណ៍៖

អាសូរណាស់​លោកអើយ! កុមារីម្នាក់លង់ទឹកអណ្ដូងជីកបណ្តាលឱ្យបាត់បង់ជីវិតនៅស្រុកសង្កែ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កុមារីម្នាក់បានស្លាប់​ រីឯ​កូនបងនៅរស់ត្រូវបានក្រុមគ្រួសារ​សាច់ញាតិ​ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈដែលម្ដាយរវល់​បោក​ខោអាវ​ភ្លេចមេីលកូនៗលេងទឹក​បណ្ដាលឱ្យលង់ទឹកអណ្ដូងជីក។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២៣។ 

    ប្រភពដដែលបន្តថា​ កុមារីដែលលង់ទឹកស្លាប់ឈ្មោះ រ៉េត សាវីតា អាយុ២ឆ្នាំ រស់នៅភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង​ បានលង់ទឹកស្លាប់​កាលពី​ថ្ងៃទី២៦ ខែកក្កដាម្សិលមិញ​ ត្រង់ចំណុចក្រុមទី០៦ ភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

   តាមការបញ្ជាក់ពីម្តាយជនរងគ្រោះឈ្មោះ អិន សុរិន អាយុ២៣ឆ្នាំ បានបំភ្លឺថា នៅថ្ងៃកើតហេតុខ្លួនកំពុងបោកខោអាវនៅខាងក្រោយផ្ទះ រីឯកូនទាំងពីរនៅលេងក្បែរខ្លួន។ បន្ទាប់ពីបោកខោអាវរួចប្រហែល២០នាទីស្រាប់តែបាត់កូនទាំងពីរនាក់បងប្អូន ខ្លួនក៏បានដើររកប្រទះឃើញកូនប្អូនលង់ទឹកស្លាប់ក្នុងអណ្ដូងជីកក្នុងអូរមុខផ្ទះ ចំណែកកូនបងនៅរស់បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រួចទើបមករាយការណ៍ជូនសមត្ថកិច្ច។

    ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើកុមារីជនគ្រោះឈ្មោះ រ៉េត សាវីតា ពិតជាលង់ទឹកអណ្ដូងជីកស្លាប់ប្រាកដមែន។

    បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ អរុណរះ


ចែករំលែក៖