ព័ត៌មានទាន់ហេតុការណ៍៖

លោក វ៉ាង យី បំពេញទស្សនកិច្ចលើកដំបូង ពិភាក្សាពីបញ្ហាអ៊ុយក្រែននៅទួរគី

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះបានផ្សាយថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយសមភាគីទួរគីរបស់លោក នៅក្នុងទីក្រុងអង់ការ៉ា ហើយបានជួបលោកប្រធានាធិបតី តាយីព អឺដូហ្កាន់ (Tayyip Erdogan) កាលពីថ្ងៃពុធសប្តាហ៍នេះ អំឡុងដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីត្រូវបាន តែងតាំងជារដ្ឋមន្ត្រីការបរទេសសាជាថ្មី។
ការពិភាក្សារវាង លោក វ៉ាង នឹងរដ្ឋមន្ត្រីការបរទេសទួរគី លោក ហាកាន់ ហ្វីដាន់ (Hakan Fidan) រួមមានការវិវត្តចុងក្រោយបង្អស់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុសកល។ រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានជជែកគ្នាអំពីការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទួរគី នឹងចិនផងដែរ។
ការិយាល័យប្រធានាធិបតីទួរគីបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងពេលនៃកិច្ចពិភាក្សាជាមួយ លោក វ៉ាង លោក អឺដូហ្កាន់ បានសម្តែងក្តីសង្ឃឹមថា ទួរគី-ចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ខណៈប្រទេសទាំងពីរដើរតួយ៉ាងសំខាន់ក្នុងបញ្ហាពិភពលោក និងតំបន់។
សហរដ្ឋអាមេរិកនិងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បានជំរុញឱ្យចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើ
រុស្ស៉ី ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ កាលពីដើមឆ្នាំ២០២៣នេះ ចិនបានដាក់ចេញនូវផែនការសន្តិភាពចំនួន១២ចំណុច ដោយអំពាវនាវឱ្យមានការការពារជនស៊ីវិល និងការគោរពអធិបតេយ្យភាពនៃប្រទេសនានា៕ ដោយ៖ ធីរីណា

រូប​ថត​៖ xinhua


ចែករំលែក៖