ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចតាមរករថយន្តដឹកឈើពីរគ្រឿងគេចចូលស្ថានីយប្រេងតេលា ក្រោយបុករថយន្តយោធាម្នាក់ក៏ប្រទះឃើញឈើយ៉ាងច្រើនហើយត្រូវរឹបអូសយកទៅរក្សាទុក

ចែករំលែក៖

ខេត្តក្រចេះ ៖​ ទីតាំងស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែងត្រូវបានកម្លាំងចម្រុះចុះឆែកឆេរក្រោយពីមានការសង្ស័យថាមានរថយន្តដឹកឈើចំនួន២គ្រឿង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់រថយន្តយោធាម្នាក់រងរបួសធ្ងន់ហើយរត់គេចទៅលាក់នៅក្នុងនោះ ហើយក៏ប្រទះឃើញមាន ឈើប្រណិតជាច្រើន។

ការចុះឡោមព័ទ្ធទីតាំងស្ថានីយប្រេងឥន្ធនៈតេលានោះកម្លាំងចម្រុះបានប្រតិបត្តិការ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពី លោក រ៉ា ប៉ូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈតេលាដែលសមត្ថកិច្ចបានសម្រេចធ្វើការឆែកឆេរនោះ ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ នៅវេលាម៉ោងប្រមាណ១២យប់មានរថយន្តសាំងយ៉ុង ចំនួន២គ្រឿង ដែលទំនងធ្វើសកម្មភាពល្មើសច្បាប់ ហើយត្រូវបានមន្ត្រីយោធាសឹករងម្នាក់បានបើករថយន្តដេញស្ទាក់សាកសួរក៏ត្រូវរថយន្តទាំង២គ្រឿងនោះ បុកគៀទម្លាក់ផ្លូវបណ្តាលឲ្យរងរបួសយ៉ាងដំណំហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយបង្កហេតុរថយន្តសង្ស័យខាងលើបានបើករត់គេចទៅលាក់នៅក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែងនោះ។

តាមប្រភពម្ចាស់ស្ថានីយប្រេងខាងលើតែង​ឃុបឃិត​ លាក់បាំងជានិច្ចដោយមិនសហការជាមួយសមត្ថកិច្ចឡើយដោយឆ្លើយថាមិនមានឡានចូលទេ។

ដោយមិនមានកិច្ចសហការ ទើបកម្លាំងក៏បានឃ្លាំមើលហើយរាយការណ៍ជូនព្រះរាជអាជ្ញា រហូតដល់ព្រឹកទើបមានវិធានការឆែកឆេរតែម្តង ក៏ប្រទះឃើញ រថយន្ដបង្កហេតុទាំង២គ្រឿង និងឈើជាច្រើន នៅក្នុងឃ្លាំងបរិវេនស្ថានីយប្រេងឥន្ធនៈតេលានោះទៀតផង។

ក្រោយប្រទះឃើញរថយន្តល្មើសរួមទាំងវត្ថុតាងបទល្មើសព្រៃឈើផងនោះ ព្រះរាជអាជ្ញារងក៏បានបញ្ជាឲ្យរឹបអូសរថយន្តនិងវត្ថុតាងយកទៅរក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖