ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជាខ្លាំងបានបើករថយន្តព្រូសមួយគ្រឿងបុកប៉ះជាមួយម៉ូតូមួយគ្រឿងមិនឈប់ទទួលខុសត្រូវ ដោយព្យាយាមបើករត់ទៅបុករថយន្តហុីយ៉ាន់ដាយមួយគ្រឿងទៀតបើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនមានអ្នកណារងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ ៥៩២ កែងនិងផ្លូវ ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយរថយន្ត តូយ៉ូតា ព្រូស មួយគ្រឿងពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខភ្នំពេញ2 BH-1453បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រា បានបុកប៉ះជាមួយម៉ូតូមួយគ្រឿងនៅម្ដុំផ្សារ 7 មករា ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវទេ ដោយបានព្យាយាមបើករត់តាមបណ្ដោយផ្លូវ ៥៩២ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ត្រង់ចំណុចកើតហេតុ កែងនឹងផ្លូវ៣០៧ ក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ លេខភ្នំពេញ2AO-7698បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើត និងបញ្ឆិតផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ ។ បន្ទាប់មកអ្នកបើកបររថយន្តព្រូសបានចេញពីរថយន្តដើរទ្រេតទ្រោតក្នុងស្ថានភាពស្រវឹងស្រាខ្លាំង។ ចំណែកភាគីម៉ូតូ ឃើញខូចខាតតិចតួចបានបន្តដំណើរទៅមុខទៀតបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងបានមកដល់កន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានឲ្យតំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយភាគីខាងរថយន្តព្រូស បានចេញសំណងថ្លៃជួសជុលទៅឲ្យភាគីរថយន្តហ៊ីយ៉ាន់ដាយដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ