ព័ត៌មានទាន់ហេតុការណ៍៖

អារាមចំនួន០៣កន្លែង ក្នុងរាជធានី ទទួលបានការប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ នៅក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ប្រចាំពុទ្ធសករាជ២៥៦៧ ដែលនឹងមកដល់នៅថ្ងៃ១រោច ខែទុតិយាសាឍ ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង នាំយកទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ រួមទាំងចតុបច្ច័យ ប្រគេនចំពោះសម្តេចសង្ឃ និងព្រះសង្ឃ គង់នៅអារាមចំនួន ០៣កន្លែ រួមមាន វត្តមណីរតនារាមទួលទំពូង វត្តលង្កាព្រះកុសុមារាម និងវត្តសារាវ័នតេជោ។

ពិធីនេះដែរត្រូវបានប្រារព្វឡើងតាមព្រពៃណីព្រះពុទ្ធសាសនា ដោយមានការបូជាថ្វាយគ្រឿងសក្ការបូជា នមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារ និងបវារណាចតុបច្ច័យ ប្រគេនចំពោះសម្រេចសង្ឃ និងព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការ ខណៈពេលដែលព្រះសង្ឃកំពុងគង់ចាំព្រះវស្សារយៈពេល៣ខែ ក្នុងរដូវវស្សា ដោយមិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនសូត្រធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ទេយ្យវត្ថុ និងគ្រឿងបរិក្ខា ដែលបាននាំយកទៅប្រគេនជូនដល់ សម្តេចសង្ឃ និងព្រះសង្ឃទាំងបីវត្តនាឱកាសនោះ ដោយក្នុងមួយវត្តទទួលបាន៖ ទៀនព្រះវស្សា១គូ សាដក​ ផ្លែឈើ ទឹកសុទ្ធ ទឹកក្រូច អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខកំប៉ុង និងមី ព្រមទាំងបច្ច័យ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំ សេចក្តីសុខ សេចក្តីចម្រើន កើតមានដល់ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឱ្យទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ រុងរឿងទៅមុខបន្តទៀត។

គួរកត់សម្គាល់ថា លោកទេសរដ្ឋមន្ត្រី តែងតែដឹកនាំគណៈប្រតិភូ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនភាគច្រើននៅកម្ពុជាគោរពប្រណិប័តន៍តាម ដោយហេតុថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ចេះជួយយកអាសា មានសាមគ្គីភាព និងនាំឱ្យសង្គមរស់នៅ ដោយសុខដុមរមនា ក្រោមម្លប់សន្តិភាពផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖