ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់បានស្លាប់ក្នុងចំណោមយុវជន៥ទៅ៦នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងឆ្លងផ្លូវជាតិលេខ៥ត្រូវរថយន្តទៅដឹកសពបុកបណ្តាលឱ្យស្លាប់ម្នាក់នៅល្ងាចថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០២៣នៅផ្លូវវាងក្រុងស្ថិតភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
នគរបាលប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានយុវជន១ក្រុមមានគ្នាប្រមាណ៥ទៅ៦នាក់ជិះម៉ូតូ៣ទៅ៤គ្រឿងបើកឆ្លងផ្លូវជាតិលេខ៥ពីត្បូងទៅជើងហើយមានម៉ូតូជនរងគ្រោះជិះគ្នា២នាក់បើកម៉ូតូឆ្លងផ្លូវក្រោយគេពេលឆ្លងជិតពាក់កណ្តាលផ្លូវមានយុវជនម្នាក់ជិះខាងក្រោយឃើញរថយន្តសង្គ្រោះជិតមកដល់ក៏លោតចុះពីលើម៉ូតូដូចជារុញម៉ូតូចូលឡានដែលកំពុងបើកក្នុងល្បឿនលឿនលើផ្លូវជាតិលេខ៥ក្នុងទិសដៅពីកើតទៅលិចបណ្ដាលឲ្យបុកជនរងគ្រោះប៉ើងទៅបុកបង្គោលការពារផ្លូវបណ្តាលឲ្យស្លាប់តែម្ដង។
ក្រោយកើតហេតុគេឃើញមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានសម្រួលចរាចរណ៍និងពិនិត្យវាស់វែងនិងប្រាប់ថាៈ គ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវស៊េរីចាស់ឌុបគ្នា២នាក់បើកបរឆ្លងផ្លូវក្នុងចំណោមមិត្តភក្តិម៉ូតូ៣ទៅ៤គ្រឿងហើយរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងបានបុកបណ្តាលឲ្យស្លាប់ម្នាក់ដែលគេស្គាល់ឈ្មោះ ជី វ៉ាន់នុត ភេទប្រុសអាយុ១៦ឆ្នាំ(ជាសិស្ស)រស់នៅភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
សមត្ថកិច្ចបញ្ជាក់ថាៈក្រោយវាស់វែងរួចរាល់បានដឹកសាកសពជូនគ្រួសារសាច់ញាតិចំណែកអ្នកបើកបររថយន្តព្រមទាំងរថយន្តសង្រោះ ព្រមទាំងម៉ូតូជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
ដោយ ៖ វណ្ណា