ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២៣នេះ ៖​ វិស័យឧស្សាហកម្ម​ រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបរំពឹងកើនឡើង

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង សុគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា​៖ ក្នុង​ឆ្នាំ២០២៣នេះ​ វិស័យឧស្សាហកម្ម រួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) រំពឹងកើនឡើង ដោយគាំទ្រដោយការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀង​ FTA និង​កិច្ចព្រមព្រៀង RCEP នឹងជួយកម្ពុជា​ទាក់ទាញ​វិនិយោគពីបរទេសកាន់តែច្រើន ដែលនឹងចូលរួម​ចំណែកជំរុញកំណើនសេដ្ឋកិច្ច​ ដែលវិស័យឧស្សាហកម្ម​រួមចំណែក ក្នុង GDP ឆ្នាំ២០២៣នេះ។

លោករដ្ឋលេខាធិការ​ បានបញ្ជាក់បន្ថែមថា​ “បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺកូវីដ១៩ ជាសកល​ យើងឃើញថា កំណើន​វិនិយោគបានកើនឡើងជាបន្តបន្ទាប់ ហើយក្នុងឆ្នាំ២០២៣នេះ​ យើងគិតថា កំណើននៃវិស័យ​ឧស្សាហកម្មរបស់យើង អាចកើនឡើងរហូតដល់ ៣៩ភាគរយ ចូលរួមចំណែកទៅលើ GDP”។

ជាមួយគ្នានេះ​ លោក ហេង សុគង់​ បានបញ្ជាក់បន្ថែមថា ​កំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាល បានបង្កើតនូវ​លិខិត​បទដ្ឋានគតិយុទ្ធជាបន្តបន្ទាប់ ​ដើម្បីជំរុញ ​និងលើកកម្ពស់ធុរកិច្ចនៅកម្ពុជា ជាពិសេសការ​ទាក់ទាញនូវការវិនិយោគិនឱ្យបានកាន់តែល្អប្រសើរ។

សូមជម្រាបថា ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣នេះ​ បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី ​និងគម្រោងពង្រីកការវិនិយោគ ចំនួន ១១៣គម្រោង​ មាន​ដើម​ទុនសរុប ប្រមាណ ១,១ ពាន់លានដុល្លារ។​ ខណៈប្រទេសចិន​ឈរលើកំពូងតារាងវិនិយោគផ្ទាល់ពីរប្រទេស​នៅកម្ពុជាដោយមានគម្រោង​វិនិយោគ​មានតម្លៃទុនសុបជាង៧០០លានដុល្លារ ​តាមពីក្រោយដោយវិនិយោគមកពីប្រទេស​វៀតណាម ,ថៃ និងកូរ៉េខាងត្បូងជាដើម៕

ដោយ​៖ សហការី​


ចែករំលែក៖