ព័ត៌មានទាន់ហេតុការណ៍៖

រពឹសដៃលួចជ័រកៅស៊ូ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលស្រុកសៀមបូកចុះឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោមបទលួចប្រព្រឹត្តនៅចំការកៅស៊ូមួយកន្លែងស្ថិតនៅភូមិកោះសម្ពាយ ឃុំកោះសម្ពាយ ស្រុកសៀមបូកកាលពីយប់ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៣។

ប្រភពព័ត៌មានពីម្ចាស់ចំការឲ្យដឹងថានៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០កក្តដានៅក្នុងចំការកៅស៊ូរបស់ខ្លួនបានបាត់ជ័របង្កកក្នុងចានប្រមាណជា៦ជួរប្រហាក់ប្រហែលជិត៧០គីឡូក្រាម។

ហេតុការណ៍នេះកើតឡើងម្ចាស់ចំការបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក។

ពេលម្ចាស់ចំការទៅដាក់ពាក្យបណ្តឹងនោះ នគរបាលប៉ុស្តិ៍ប្រាប់ទៅម្ចាស់ចំការនោះវិញថាក្រុមមន្ត្រីនគរបាលខ្លួនបានចេញល្បាតនៅពេលយប់ ប្រទះឃើញគេដឹកជ័រកៅស៊ូតាមម៉ូតូដែរ។

តែតាមម្ចាស់ចំការបានរៀបរាប់ប្រាប់សមត្ថកិច្ចថែមទៀតថានៅព្រឹកថ្ងៃទី៣០ដដែលក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចូលដល់ក្នុងចំការដែរហើយបានសួរនាំទៅណាមកណាជនសង្ស័យបានឆ្លើយថាមកយកអាចម៍គោទៅធ្វើជីស្រោចបន្លែ ពេលនោះម្ចាស់ចំការក៏សួរបន្ថែមថានៅវាលស្រែម៉េចក៏មិនយកបែរជាមកយកអីនៅក្នុងចំការកៅស៊ូនេះវិញ មិនឆ្លើយតបជនសង្ស័យក៏ជិះម៉ូតូចេញវិញបាត់ ។  

ក្រោយមានពាក្យបណ្តឹងរួចមកសមត្ថកិច្ចបានកំណត់មុខសញ្ញា ចុះឃាត់ខ្លួនជនសង្ស័យរួមវត្ថុតាងជាក់ស្តែងរួមមានជ័រកៅស៊ូបង្កកក្នុងចានចំនួន៦៩គីឡូ។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកថាជនសង្ស័យឈ្មោះ ចិត្រ និស្ស័យ ភេទប្រុសអាយុប្រហែលជាង២០ឆ្នាំមានទីលំនៅភូមិដំរីផុង ឃុំកោះសម្ពាយ ស្រុកសៀមបូក។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននិងបន្តនីតិវិធីទៅសាលាដំបូងខេត្តបន្ត៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖