ភ្នំពេញ ៖ ប្រាកដហើយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្ត្រីថ្មី ដែលជាអ្នកបន្តវេនវ័យក្មេងនៃគណបក្សប្រជាជនកម្ពុជា។ បេក្ខជនថ្នាក់ដឹកនាំកំពូលដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជាឈាមថ្មីនេះ មានសក្តានុពលខ្ពស់ណាស់ ទាំងចំណេះ ជំនាញ ទាំងបទពិសោធន៍ការងារក្នុងប្រទេស និងនៅលើឆាកអន្តជាតិ។ តាមរយៈប្រភព AKP News បទយកការណ៍ ត្រូវលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា អ្នកគ្រប់គ្រងផ្សព្វផ្សាយ ផេកសម្តេចតេជោ បានបង្ហោះថា : គ្រាន់តែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ឈប់ធ្វើជានាយករដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាលនីតិកាលអាណត្តិទី៧ភ្លាម ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្លាយជាតួអង្គមួយដែលប្រជាពលរដ្ឋសម្លឹងមិនដាក់ភ្នែកគយគន់ដោយក្ដីស្រឡាញ់ និងលើកយកជាប្រធានបទជជែកវែកញែកគ្រប់ទិសទី វិភាគពីគុណសម្បត្តិក្នុងតំណែងជានាយករដ្ឋមន្ត្រីដែលទទួលស្គាល់ពីគណបក្សប្រជាជនកម្ពុជា ពីប្រជាពលរដ្ឋភាគច្រើន និងពីអង្គនីតិប្បញ្ញត្តិនាពេលដ៏ខ្លីខាងមុខ។
ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព ប្រធានសម្ព័ន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា បានសម្ដែងនូវចំណាប់អារម្មណ៍ចំពោះបេក្ខជននាយករដ្ឋមន្ត្រីថ្មីនេះថា ជាជនដែលមានបុគ្គលិកលក្ខណៈល្អ មានគុណសម្បត្តិ គុណវុឌ្ឍិគ្រប់គ្រាន់ សមនឹងទទួលបានតំណែងដ៏ខ្ពង់ខ្ពស់របស់ជាតិ។ ឯកឧត្តម សមូហកបណ្ឌិត ឡី សុភាព គូសបញ្ជាក់ថា៖ «ទី១ខ្ញុំយល់ឃើញថា ការម្រេចចិត្តរបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សដែលរាជរដ្ឋាភិបាលជ្រើសតាំង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនេះគឺសមប្រកប ដោយលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំ។ ទី២. ខ្ញុំមើលទៅឃើញថា ការសម្រេចរបស់ប្រជាជនកម្ពុជាផ្ដល់សេចក្ដីទុកចិត្ត និងទំនុកចិត្តទៅដល់ឯកត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននេះពិតជាត្រឹមត្រូវ»។
បរិយាយដោយទំនុកចិត្ត ឯកឧត្តមបណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់ថា៖ «បើមិនមានទំនុកពីប្រជាពលរដ្ឋទេ គេអត់ទៅបោះឆ្នោតទេ ហើយប្រជាពលរដ្ឋច្រើនលើសលុបនៃប្រជាជនសរុបដែលមានសិទ្ធិបោះឆ្នោតនៅកម្ពុជាបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណេត ដោយក្ដីស្រឡាញ់ជាទីបំផុត»។ ឯកឧត្តមបណ្ឌិត ឡី សុភាព បានបន្ថែមថា ដោយមើលឃើញពីចំណេះវិជ្ជាពហុជំនាញរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មាន ទាំងជំនាញយោធា មានទាំងសេដ្ឋកិច្ច និងជំនាញនយោបាយ បុគ្គលដែលមានលក្ខណៈសម្បត្តិទាំងបីនេះមិនងាយទេ ដែលគាត់ជាប្រភេទមនុស្សមហាជន គឺនៅជាមួយប្រជាជនដោយសប្បាយក្នុងការជួបជាមួយប្រជាជន នេះជាលក្ខណៈសម្បត្តិរបស់គាត់។ លើសពីនេះទៅទៀត រចនាសម្ព័ន្ធចាត់តាំងអ្នកបន្តវេន សមាសភាពក្រុមការងារដឹកនាំអ្នកបន្តវេនជាតិគ្រប់ជាន់ថ្នាក់មានសមាសភាពគ្រប់ ផ្ទេរអំណាចដោយសន្តិវិធី។
ក្នុងនាមជាប្រធានសមាគមយុវជនសេដ្ឋកិច្ចកម្ពុជាផងនោះ ឯកឧត្តម សមូហកបណ្ឌិត មើលឃើញគុណតម្លៃជាច្រើនដែលគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានធ្វើកិច្ចការជូនជាតិមាតុភូមិនិងបង្ហាញកិត្យានុភាពលើឆាកអន្តរជាតិ ដូចជា៖ រក្សាចរន្តសេដ្ឋកិច្ចជាតិឱ្យមានលំនឹង ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និង ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមបានដោយជោគជ័យជាប្រវត្តិសាស្ត្រ។
ទន្ទឹមនេះ ឯកឧត្តម សមូហកបណ្ឌិតក៏ចង់ឱ្យរដ្ឋាភិបាលថ្មីពង្រឹងការងារជាច្រើនទៀតដើម្បីធ្វើឱ្យប្រទេសជាតិរីកចម្រើនបានកាន់តែឆាប់រហ័ស ដើរឱ្យទាន់ការវិវត្តន៍នៃសាកលលោក។ ក្នុងនោះរដ្ឋាភិបាលថ្មី «ត្រូវអភិវឌ្ឍន៍ធនធានមនុស្ស និងត្រូវធ្វើការងារតាមរបៀបរបបមានការទទួលខុសត្រូវតាមមុខតំណែងតួនាទីច្បាស់លាស់ឡើងវិញ នៅពេលនោះប្រទេសជាតិនឹងរីកចម្រើន សាមគ្គីឯកភាពផ្ទៃ ទាំងនេះហើយគឺជាការងារសំខាន់ៗនិងរឿងចាំបាច់បំផុត»។
លោក ផូ វី ផលិតករ កម្មវិធីនៃក្រុមហ៊ុន AMS បានមើលឃើញបេក្ខជននាយករដ្ឋមន្ត្រីថ្មីក្នុងន័យវិជ្ជមានបំផុត។ ផលិតករូបនេះ បានបរិយាយថា៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនដ៏ស័ក្ដិសមបំផុត សម្រាប់បេក្ខភាពជានាយករដ្ឋមន្ត្រី។ ខ្ញុំគាំទ្រទៅលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលពួកគាត់មានស្មារតីល្អនិងភាពវៃឆ្លាតក្នុងការជ្រើសរើសបេក្ខជនមកធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៧នេះ»។ លោកបានបន្ថែមថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាមនុស្សវៃឆ្លាតនៅក្នុងការទំនាក់ទំនង ការបរទេសល្អជាមួយបណ្ដាប្រទេសដែលជាដៃគូដែលយើងមានសម្ព័ន្ធមិត្តជាមួយ។
ខណៈប្រទេសជាតិមានអ្នកកាន់ដៃចង្កូតថ្មី លោក ផូ វី សង្ឃឹមថា ប្រទេសកម្ពុជា នឹងរីកចម្រើនខ្លាំង ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។ «ខ្ញុំគិតថា ក្នុងជំនាន់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងមានអ្នកវិនិយោគច្រើនថែមទៀត ជាពិសេសទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនឹងក្លាយជាមិត្តភក្តិជាមួយនឹងយើង។ ហើយប្រព័ន្ធអប់រំស្រុកខ្មែរនឹងមានភាពជឿនលឿងជាងមុនខ្លាំងក្លា អាចឈរខ្ពស់មុខខ្ពស់មាត់ជាមួយប្រទេសអាស៊ាន ជាពិសេសវិស័យព័ត៌មានអាចលេចមុខលើឆាកអន្តរជាតិ ធ្វើឱ្យគេស្គាល់កម្ពុជាក្នុងរូបភាពវិជ្ជមានលើទិដ្ឋភាពច្រើនយ៉ាង ដូចជាសេដ្ឋកិច្ចរុងរឿង ការរីកចម្រើនលើវិស័យឧស្សាហកម្ម ។ល។និង។ល។ លើទំព័រសារព័ត៌មានអន្តរជាតិ»។
ជាមួយគ្នានេះដែរ អ្នកនាង អេង គឹមជាង ជាប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍នៅតែមានការសោកស្ដាយនៅពេលដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងលាឈប់ពីតំណែងនាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។ តែទោះជាយ៉ាងណា អ្នកនាងគិតថា ជាសំណាងមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ ព្រោះយើងមានមេដឹកនាំថ្មីដែលជាកូនប្រុសបង្កើតរបស់មេដឹកនាំចាស់វស្សា មានបទពិសោធន៍ច្រើនឥតគណនា បន្សល់ទុកនូវគំរូល្អៗដែលមេដឹនាំថ្មីនឹងដើរតាមលំអានគន្លងជោគជ័យរបស់ឳពុកបន្តដឹកនាំនាវាកម្ពុជាទៅកាន់ត្រើយសន្តិភាពជានិច្ចនិរន្តរ៍។
អ្នកនាង អេង គឹមជាង សង្ឃឹមទុកក្នុងចិត្តថា៖ «គាត់( ឯកឧត្តម ហ៊ុន ម៉ាណែត) ជាយុវជនជំនាន់ក្រោយនឹងឈានចូលមកដឹកនាំប្រទេសបន្ទាប់ពីឳពុករបស់គាត់ ធ្វើឱ្យប្រទេសមានការអភិវឌ្ឍបន្ថែមទៀត ជាពិសេសការទំនាក់ទំនងជាមួយបរទេសកាន់តែល្អប្រសើរផ្នែកសេដ្ឋកិច្ចដើម្បីជួយប្រជាពលរដ្ឋ»។
គ្រាន់តែទទួលសំណួរពីអ្នកសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ភ្លាម លោក ឃួន សុភ័ក្រ និស្សិតជំនាញគ្រប់គ្រងនៃសាកលវិទ្យាល័យធនធានមនុស្ស បានរៀបរាប់ដោយពាក្យពេចន៍គួរឱ្យចង់ស្ដាប់ថា៖ «ជាដំបូងខ្ញុំសូមអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរ និងបានដឹកនាំប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់ពេលបច្ចុប្បន្ននេះ។ គុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន នឹងចារជាប់ក្នុងក្រអៅបេះដូងប្រជាជនកម្ពុជា ជារៀងរហូត ទោះបីជាសម្ដេច មិនបន្តធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧បន្តទៀតក៏ដោយ»។
ចំពោះបេក្ខជន នាយករដ្ឋមន្ត្រីថ្មី លោក សុភ័ក្រ បានគូសបញ្ជាក់ថា៖ «សម្រាប់ខ្ញុំជានិស្សិតមួយរូប សូមអបអរសាទរ និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៧នេះ ព្រោះឯកឧត្ដមជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ មានសមត្ថភាព និងមានបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងនយោបាយ ជាពិសេស ឯកឧត្ដមក៏មានភាពជាអ្នកដឹកនាំផងដែរ។ ដូច្នេះ ខ្ញុំជឿជាក់ថា ឯកឧត្ដម នឹងបន្តដឹកនាំប្រទេសកម្ពុជា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៀត»។
សម្រាប់អាណត្តិថ្មី និស្សិតជំនាញគ្រប់គ្រងរូបនេះរំពឹងថា រាជរដ្ឋាភិបាល នឹងបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាកង្វល់នានារបស់ប្រជាពលរដ្ឋ ដូចជាបញ្ហាតម្លៃកសិកម្ម បញ្ហាការងារធ្វើ បញ្ហាសុខភាពសាធារណៈ ក៏ដូចជាបញ្ហាទំនាស់ដីធ្លីជាដើម។
សូមរម្លឹកផងដែរថា ក្នុងសេចក្តីថ្លែងសារពិសេស នារសៀលថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា យោងទៅលើការសម្រេចចិត្ដរបស់គណៈអចិន្រ្ដៃយ៍នៃគណបក្សប្រជាជាជនកម្ពុជា ហើយយោងទៅលើការចូលគាល់ព្រះមហាក្សត្រនាពេលថ្មីនេះ សម្ដេចសម្រេចនឹងមិនបន្ដមុខដំណែងជានាយករដ្ឋមន្រ្ដីនោះទេ ហើយឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលថ្មីនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា សភាពការណ៍គឺបានតម្រូវឱ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាលថ្មីចាប់ពីដើមអាណត្តិនេះទៅដើម្បីធានានូវភាពរលូននៃដំណើរការរាជរដ្ឋាភិបាលដែលគ្មានអាក់ខាន។ សម្ដេចតេជោបានគូសបញ្ជាក់ថា ប្រសិនបើសម្តេចបន្តធ្វើក្នុង រយៈពេលមួយឆ្នាំ ឬពីរឆ្នាំរួចហើយទើបលាលែងចេញពីតំណែងនោះ សភាពការណ៍ នឹងមានអស្ថិរភាពក្នុងមួយរយៈកាល។ ដូច្នេះវាមានការចាំបាច់ណាស់ដើម្បីឱ្យគណៈរដ្ឋមន្ត្រីថ្មីមួយដែលសុទ្ធតែភាគច្រើនគឺជាមនុស្សវ័យក្មេងទទួលបាននូវកិច្ចការដែលត្រូវធ្វើសម្រាប់តែថ្ងៃអនាគតសម្តេចសុំនៅពីក្រោយខ្នង។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីអះអាងថា អនាគតនយោបាយរបស់សម្ដេចគឺនៅតែបន្ដគ្រប់គ្រងនយោបាយ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជាសមាជិករដ្ឋសភានិងធ្វើជាប្រធានព្រឹទ្ធសភា ហើយព្រះមហាក្សត្រព្រះរាជទានតែងតាំងសម្ដេចតេជោជាប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ៕
ដោយ៖ ដួង តារា គ្រប់គ្រងនិងផ្សព្វផ្សាយ ផេកសម្តេច