ភ្នំពេញ៖ លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ បាននាំ យកទៀនព្រះវស្សា បច្ច័យនិងទេយ្យទាន មួយចំនួន មកប្រគេនជូនព្រះសង្ឃគង់អស់ត្រីមាស នៅតាមបណ្តាវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន ០៥កន្លែងនៅ ក្នុងរាជធា នីភ្នំពេញ ។
ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៣នេះ នៅវត្តព្រះបារមីវង្កតបុរី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយក្នុង១៥១វត្ត និងសាលាបុណ្យ៥កន្លែង ក្នុងមួយវត្តៗទទួលបាន ថវិកាចំនួន១០០.០០០៛,ទៀនវស្សា០១គូ,អង្ករ១០០គីឡូក្រាម,សាដក០១,ស្ករស០១បាវ(២៥គីឡូក្រាម),ទឹកដោះគោខាប់០១កេស (៤៨កំប៉ុង),ទឹកក្រូច០៤ កេស,ទឹកបរិសុទ្ធ ៤កេសមីចំនួន៤កេសតូច,ត្រីខកំប៉ុង១កេស (១០០កំប៉ុង)។ ក្រៅពីប្រគេនទៀនវស្សា បច្ច័យនិងទេយ្យទានមួយចំនួនខាងលើហើយនោះ លោក ឃួង ស្រេង និងលោកស្រីជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នូវបានប្រគេនបច្ច័យសម្រាប់កសាងទីអារាមវត្តព្រះបារមីវង្កតបូរីនេះចំនួន១៩៩៥០០០០ រៀល (ជាង ១៩លាន)និង១៥០០ដុល្លារ ជាមួយនិងការប្រគល់ជូនយាយជី តាជី នៅក្រណាត់ ស និងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទំលាបពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀន វស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈ៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា និយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះផងដែរ៕
ដោយ ៖ សំរិត