ព័ត៌មានទាន់ហេតុការណ៍៖

ចេញមុខសុំទោសរឿងគប់ទឹកកកដាក់ ជី ដេវីត ប៉ុន្តែអ្នកគាំទ្រមិនទទួលយក

ចែករំលែក៖

ភ្នំពេញ៖ ករណីគប់ទឹកកទៅកាន់តារាចម្រៀងរ៉េប ជីដេវីត គ្រាឡើងច្រៀងនៅក្លឹមកម្សាន្តមួយនាខេត្តព្រះសីហនុ នោះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេបើទោះបីជាបុរសបង្កបានចេញមុខសុំទោសរួចហើយក្តី។ អ្នកគាំទ្រស្នើឲ្យបុរសរូបនេះចេញវីដេអូជាផ្លូវការមួយដើម្បីឲ្យពួកគេស្ងប់ចិត្ត។ 

  គេចាំបានដែរថាកាលពីម្សិលមិញនេះតារាចម្រៀង រ៉េប លោក ជីដេវីត បានប្រកាសដាក់កំណត់៨ម៉ោងឲ្យជនបង្ក សុំទោសលោក និងដើម្បីបន្សាបកំហឹងរបស់អ្នកគាំទ្រដែលមិនពេញចិត្តទៅនឹងទង្វើអសីលធម៌មួយនេះ។លោកព្រមានក្នុងការបញ្ចេញវីដេអូពេញប្រសិនបើជនបង្កមិនធ្វើទៅតាមអ្វីដែលលោក និងអ្នកគាំទ្រច្រើនលើសលប់របស់លោកចង់បាននោះ។  ក្រោយការកំណត់នេះដែរស្រាប់តែគេបានឃើញគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា ឆាយឡេងគី បាន ធ្វើការចែករំលែកអំពីសំណេររបស់លោក ជីដេវីត ភ្ជាប់ដោយការសុំទោសជាសាធារណៈថា៖សារសុំទោសជាសាធារណៈ ៖ ខ្ញុំបាទឈ្មោះ ឃី ឆៃឡេង សូមធ្វើការសុំទោសជាសាធារណៈទៅកាន់លោក ជី ដេវីត តារាចម្រៀងរ៉េបនៃព្រះរាជាណាចក្រកម្ពុជា ក៌ដូចជាហ្វេនរបស់លោកទាំងអស់គ្នាផងដែរ ដោយរូបខ្ញុំបាទបានប្រព្រឺត្តខុសកាលពីយប់ថ្ងៃទី២៩ចូលថ្ងៃទី៣០កន្លងមកនៅក្នុងផាប់មួយនៅក្នុងខេត្តព្រះសីហនុដែលអមដោយរូបភាព និងអកប្បកិរិយាមិនសមរម្យទៅដល់លោក ជី ដេវីត និង ហ្វេនៗរបស់គាត់ដ៌ទៃទៀត ។    ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសខុសឆ្គងទាំងអស់ដែលបានប្រព្រឹត្ត ហើយក៌សូមសន្យាថានិងមិនអោយមានទង្វើរបែបនេះកើតឡើងម្តងទៀតឡើយ។  ជាថ្មីម្តងទៀតសូមលោក ជី ដេវីត និង ហ្វេនៗផ្តល់នូវការអភ័យទោសដល់រូបខ្ញុំបាទបានកែប្រែសារជាថ្មី! សូមទទួលនូវការសុំទោស និង គោរពពីខ្ញុំបាទ!បញ្ជាក់៖ មិត្តនៅរួមតុខ្ញុំទាំងអស់ពួកគាត់មិនដឹងរឿងទាំងនេះទេ។ 

  បើទោះបីជាបុរសខាងលើបានចេញមុខសុំទោសបែបនេះមែន ប៉ុន្តែក្រុមអ្នកគាំទ្រលោកជាច្រើនបានចូលទៅបញ្ចេញយោបល់អមដោយការរិះគន់មិនសំច្ចៃមាត់ទៅកាន់បុរសខាងលើ ហើយពួកគាត់ក៏មិនពេញចិត្តនិងមិនទទួលយកបានពីការសុំទោសនេះបានឡើយ ព្រោះតែពួកគេចង់ឲ្យបុរសក្លាហានខ្វះសីលធម៌រូបនេះចេញវីដេអូ ឬការLive សុំទោសទើបអាចទទួលយកបាន។ ទោះជាយ៉ាងណាគេនៅមិនទាន់ឃើញតារាចម្រៀង ជីដេវីតចេញប្រតិកម្ម ឬចេញសារបែបណានៅឡើយទេជុំវិញការស្នើសុំរបស់អ្នកគាំទ្របែបនេះ ។ មុននេះលោកលើកឡើងថាពិតជាចង់បញ្ចប់រឿងនេះឲ្យវាកន្លងហួសបើទោះបីជាលោករងការឈឺចាប់នោះក្តីប៉ុន្តែដោយសារតែអ្នកគាំទ្រមិនចង់ឃើញរូបភាពបែបនេះកើតមានឡើងចំពោះលោក និងអាចជាគំរូមិនល្អសម្រាប់ជនដទៃដែលមើលងាយអ្នកសិល្បៈបន្តទើបលោកសម្រេចបញ្ចេញសារអមដោយលក្ខខណ្ឌខាងលើ។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះនឹងបញ្ចប់ត្រឹមនេះដែរឬយ៉ាងណា៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖