ភ្នំពេញ ៖ សារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ
សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់ នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លានៃពិធីចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំ របស់សម្តេច អគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ៤រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈ រដ្ឋមន្ត្រី និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមអភិវន្ទសម្តែងនូវសេចក្តីអំណរសាទរឥតឧបមា និងសូមចូលរួមជូននូវ សព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្តី្រ ប្រកបដោយសេចក្ដីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នូវកតញ្ញុតាធម៌និងកតវេទិតាធម៌ដ៏ស្មោះស្ម័គ្រ ព្រមទាំងការគោរព កោតស្ញប់ស្ញែង និងមោទនភាពបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញ ស្មារតី និងបទពិសោធប្រកបដោយគតិបណ្ឌិតដ៏មហស្ចារ្យ ដឹកនាំជាតិមាតុភូមិអង្គរជាទីស្រឡាញ់នៃយើងឱ្យទទួលបាន សុខសន្តិភាពពេញលេញ បូរណភាពទឹកដីឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់ការកែទម្រង់រដ្ឋដ៏មុតស្រួចលើគ្រប់វិស័យ ដែលធានាបាននូវការស្តារ និង អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ការការពារ និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាព យុត្តិធម៌សង្គម នីតិរដ្ឋ ព្រមទាំងជីវភាពរស់នៅសមរម្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូរជូនប្រជាជនកម្ពុជាទូទាំងប្រទេស។
ជោគជ័យក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងបំប្លែងខ្លួន ការស្វែងរកវ៉ាក់សាំង និងការចាក់ស្រោចវ៉ាក់សាំងតាមបែបអភិក្រមផ្ការីកជូនប្រជាជននៅទូទាំងប្រទេស ការបន្សំប្រជាជនជាមួយនឹងការរស់នៅក្នុងគន្លងថ្មី ការប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងបើកវិស័យទេសចរណ៍ ឡើងវិញ ការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣. ការធ្វើជាប្រធានអាស៊ានប្តូរវេន កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងឆ្នាំ២០២២បាននាំមកនូវផ្លែផ្កាយ៉ាងត្រចះត្រចង់។ ការរក្សាបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការបញ្ចៀសបាននូវហានិភ័យសង្គមដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងការ អំពាវនាវដល់ជនរួមជាតិយើងទាំងក្នុង និងក្រៅប្រទេសឱ្យចូលរួមចំណែកក្នុងការបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិន ទាន់ផ្ទុះ ក្នុងយុទ្ធនាការឈានទៅបញ្ចប់សោកនាដកម្មដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅលើទឹកដីដ៏កំសត់របស់ យើងនៅត្រឹមឆ្នាំ២០២៥។ ការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ បានបិទបញ្ចប់ប្រកបដោយជោគជ័យយ៉ាងធំធេង គឺសុទ្ធតែជាសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការដឹកនាំដែលប្រកប ដោយគតិបណ្ឌិត និងគួរជាទីមោទនៈបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។
ជាងនេះទៅទៀត ជោគជ័យក្នុងការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ បើទោះបីជាមានឧបាយកល ខ្មៅងងឹតរបស់ពួកឧទ្ទាមក្រៅច្បាប់រារាំងមិនឱ្យប្រជាជនទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតចោលក៏ដោយ ក៏រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានូវតែគ្រប់គ្រងសភាពការណ៍បាន ដែលតាមលទ្ធផលបឋមទទួលសម្លេងបាន ច្រើនលើសលុបមានចំនួន ១២០លើ១២៥ អាសនៈនៅក្នុងរដ្ឋសភា។ ទន្ទឹមនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមប្រកាស គាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧នៃរដ្ឋសភាគទៅ។ ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នាត្រៀមលក្ខណៈរួចជាស្រេច និងសូមប្ដេជ្ញាចិត្តឥតងាករខិតខំចូលរួមក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត ប្រកបដោយឆន្ទៈម្ចាស់ការ ឧស្សាហ៍ព្យាយាម ភក្តីភាព និងសីលធម៌វិជ្ជាជីវៈ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសដ៏មហាមង្គលាភិរម្យប្រពៃថ្លៃថ្លានៃអាយុវឌ្ឍនមង្គលនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើក ហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីថែរក្សាប្រាង្គ ប្រាសាទអង្គរ ព្រះអង្គចេក ព្រះអង្គចម ជាពិសេសទេវតាថែរក្សាឆ្នាំថោះ បញ្ចស័ក ព្រះនាម កិមិរាទេវី សូមព្រះអង្គតាម ជួយថែរក្សាការពារអភិបាលប្រោះព្រំជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រី បុត្រប្រសា និងចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរ និងពរដ៏ឧត្ដុង្គឧត្តមថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវ អភិវន្ទនកិច្ច និងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ និងភរិយា៕
ដោយ ៖ សិលា