ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣  បានថ្លែងថា អ្នកជំនាន់ចាស់ មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀត ក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើសិនជាមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងដល់អាយុជីវិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្តេចតេជោ ត្រូវត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីវិញទម្រាំជ្រើសរើសអ្នកថ្មីបាន។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ៖ ការបោះឆ្នោតនៅកម្ពុជា មានចរិត ២យ៉ាង ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានចរិតពីរយ៉ាងគឺទី១ គឺការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងទី ២ គឺការប្រកួតប្រជែងរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតជាមួយអ្នកបំផ្លាញប្រជាធិបតេយ្យតាមរយៈការរារាំងមិនឲ្យប្រជាជនទៅបោះឆ្នោត និងការគូសបំផ្លាញសន្លឹកឆ្នោតចោលតែម្តង។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ការប្រកួតប្រជែងពិតប្រាកដនៃការបោះឆ្នោតឆ្នាំ ២០២៣ គឺជាការប្រកួតប្រជែងរវាងអ្នកដែលគាំទ្រប្រជាធិបតេយ្យតាមរយៈការទៅបោះឆ្នោត និងអ្នកចង់បំផ្លាញប្រជា ធិបតេយ្យតាមរយៈការហាមឃាត់ប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ដែលសរុបមកគឺបំផ្លាញចោលនូវការបោះឆ្នោតនៅកម្ពុជាតែម្តង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា នេះទើបជាការតស៊ូពិតប្រាកដនៃការបោះឆ្នោតរយៈពេលកន្លងទៅៗគឺយើងបានដឹងហើយយុទ្ធនាការឲ្យប្រជាជនកុំទៅបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោតចោល ប៉ុន្តែជាក់ស្តែងប្រជាជនបានទៅបោះឆ្នោតរហូតទៅដល់ជាង ៨៤ ភាគរយ នឹងជិត ៨៥ភាគរយ សន្លឹកឆ្នោតដែលខូចមានត្រឹមតែជាង ៥ភាគរយ ប្រៀបធៀបជាមួយឆ្នាំ ២០១៨ ខូចជាង៨ភាគរយ តែប៉ុណ្ណោះ៕

ដោយ : សហការី


ចែករំលែក៖