ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណី រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​ទី០៣​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ជនសង្ស័យ០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកបាកាន ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួន នៅចំណុចផ្ទះសំណាក់ ភាម្យ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៧និង០៩នាទី នៅថ្ងៃទី០២ ខែសីហាម្សិលមិញនេះ​ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី៣​ ខែសីហា​នេះថា៖ ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ និងដូចភ្លៀងរលឹម តាមប្រសាសន៍ចង្អុលការ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានសហការណ៍ជាមួយកម្លាំងជំនាញផែនគ្រឿងញៀនស្រុកបាកាន នឹងដឹកនាំដោយលោកអធិការផ្ទាល់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន ០១ករណី នៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់រួមនិងវត្ថុតាងជាក់ស្ដែង។ 

ជនសង្ស័យ​ទាំង​បីនាក់នេះ ទី១ឈ្មោះ ប៊ុន ម៉េងហួរ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ពីបទរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទី២ឈ្មោះ ថុល ឧសភា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងជង ពីបទដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវខុសច្បាប់នូវសាធាតុញៀន និងទី៣ឈ្មោះ វ៉ាន់ សុផាន់ណា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច ពីបទដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវខុសច្បាប់នូវសាធាតុញៀន ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់ ទម្ងន់៣៤,៩៨ក្រាម ជញ្ជីងថ្លឹងថ្នាំ ០១គ្រឿង ទុយោរំលែកថ្នាំញៀន០៣ដើម អំពូលសម្រាប់ជក់ ០៦ដើម ប្រដាប់ជក់០៣ កំផ្លេ ដែកកេះ១០ដើម ថង់រំលែកថ្នាំមួយចំនួន កន្តៃ្រយ៍ ០១ ទូរស័ព្ទដៃ ០៥គ្រឿង ដាវ ០១ដើម និងកាបូបក្រណាត់ ០១ ។

លោកអធិការ បានបន្តថាបច្ចុប្បន្នជនស្ស័យ និងវត្ថុតាងបានសមត្ថកិច្ច នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន បំពេញនីតិវិធី និងបញ្ជូនទៅជំនាញខេត្ត ដើម្បើចាត់ការតាមនីតិវិធី ៕

ដោយ ៖ អរុណរះ


ចែករំលែក៖