អនុប្រធានគណបក្សដើម្បីថៃ Phumtham Wechayachai នៅថ្ងៃទី៣ សីហា បានបញ្ជាក់ថា ផែនការរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រាវិលត្រឡប់មកប្រទេសវិញនឹងមិនមានការផ្លាស់ប្តូរឡើយ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីថា តើកាលវិភាគវិលត្រឡប់របស់លោកថាក់ស៊ីនទៅប្រទេសថៃនឹងត្រូវពន្យារពេលឬយ៉ាងណានោះ លោក Phumtham បានបញ្ជាក់ថា៖ «អ្វីៗនៅតែដដែល»។
កាលពីសប្តាហ៍មុន លោកស្រី Paetongtarn Shinawatra កូនស្រីរបស់លោកថាក់ស៊ីន ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សដើម្បីប្រទេសថៃបានប្រកាសនៅលើ Instagram ថា លោកថាក់ស៊ីននឹងមកដល់អាកាសយានដ្ឋានដុនមឿងក្នុងទីក្រុងបាងកកនៅថ្ងៃទី ១០ ខែសីហា។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមកមានព័ត៌មានមួយចំនួនអំពីលោក ថាក់ស៊ីន ផ្លាស់ប្តូរផែនការវិលត្រឡប់មកប្រទេសវិញ ដោយសារតែស្ថានភាពថ្មីមួយចំនួនបានកើតឡើង។
មុននេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ (ប្រទេសជប៉ុន) ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូក្នុងខែឧសភា ឆ្នាំ 2023 អតីតនាយករដ្ឋមន្ត្រីវ័យ 73 ឆ្នាំរូបនេះបាននិយាយថា លោកកំពុងពិចារណាអំពីឱកាសក្នុងការវិលត្រឡប់ទៅកាន់ប្រទេសថៃនៅឆ្នាំនេះ។
លោក ថាក់ស៊ីន ជាមហាសេដ្ឋី និងធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃពីឆ្នាំ ២០០១ ដល់ ២០០៦ មុនពេលត្រូវបានរដ្ឋាភិបាលយោធាថៃបណ្តេញចេញពីតំណែង។ អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំបន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០០៨។
អតីតមេដឹកនាំរូបនេះក៏ជឿជាក់ដែរថា ការវិលត្រឡប់មកផ្ទះវិញ ដើម្បីបម្រើការកាត់ទោសរបស់គាត់ មិនមែនជាទង្វើក្បត់សម្រាប់អ្នកគាំទ្ររបស់គាត់នោះទេ ព្រោះវាមិនមែនមានន័យថាគាត់បានធ្វើខុសនោះទេ៕ ដោយ៖ ធីរីណា
រូបថត៖ AFP