ខេត្តបន្ទាយមានជ័យ៖ មនុស្សប្រុសស្រីចំនួន៣នាក់រងរបួសធ្ងន់ស្រាលក្នុងករណីឆាបឆេះសណ្ឋាគារមួយកន្លែងកាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះ សណ្ឋាគារ អន្តរជាតិ ជាន់ទី០៩ បន្ទប់លេខ៩០១ ដែលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
របាយការណ៍បញ្ជាក់ថាក្នុងស្ថានការនោះមានកម្លាំងប៉ុស្តិ៍ បានចូលរួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំ បញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងចម្រុះបានចុះជួយធ្វើអន្តរាគមន៍ ពន្លត់ភ្លើង។
ករណីឆាបឆេះនោះដែរគីបណ្ដាល មកពីបានដាក់សាកទូរស័ព្ទទុកចោលនៅលើពូក បណ្ដាលឲ្យមានការទុស្សេខ្សែភ្លើង។មានការខូចខាតទ្រព្យសម្បត្តិមានពូកចំនួន០២ គ្រែ០២ ទូរដាក់ខោអាវចំនួន០២ និងសម្ភារៈតូចៗមួយចំនួនផ្សេងទៀតនិងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន១៤បំពង់ ។
របាយការណ៍បន្តថា៖ មានជនរងគ្រោះសរុបចំនួន០៣នាក់ ស្រី០២នាក់ ជនជាតិឥណ្ឌូនេស៊ី ៖
-របួសធ្ងន់០១នាក់ ភេទប្រុស ជនជាតិឥណ្ឌូនេស៊ី សំរាកព្យាបាលនៅគ្លីនិក សុខវិសាល មុខវត្តបាលិលេយ្យ មិនបណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។របួសស្រាលចំនួន០២នាក់ ភេទស្រី ជនជាតិឥណ្ឌូនេស៊ី សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ទោះយ៉ាងណាករណីខាងលើនោះដែរមានការខិតខំយ៉ាងយកចិត្តទុកដាក់របស់កំលាំងសមត្ថកិច្ចសហការគ្នាជាមួយអាជ្ញាធរជួយរកមធ្យោបាយដើម្បីពន្លត់និងបានរលត់ទៅវិញនៅវេលាម៉ោង ១៨ និង០៨នាទី ថ្ងៃដដែលដោយមិនមានរាលដាល់ដល់ផ្ទះអ្នកជិតខាងឡើយ ៕
ដោយ ៖ វណ្ណា