ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខណ្ឌដង្កោ​ ពួនស្ទាក់ចាក់ខ្លួនជនសង្ស័យបាន០៣នាក់​ ពាក់ព័ន្ធ​ករណីជួញដូរ​គ្រឿងញៀន​ និងធាក់ផ្ដួលយកម៉ូតូពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ​ បានធ្វេីការបង្ក្រាបបទល្មេីសជាក់ស្ដែងពាក់ព័ន្ធករណីចែកចាយប្រើប្រាស់នូវសារធាតុញៀន និងលួចមានស្ថានទម្ងន់ទោស(ធាក់ផ្តួលយកម៉ូតូ)​ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាបន្តបន្ទាប់​កាលពីយប់ថ្ងៃទី៣​ ខែសីហា​ ឆ្នាំ​២០២៣​ នៅត្រង់ចំណុចផ្លូវសណ្ដរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

    មន្ត្រីអាវុធហត្ថខណ្ឌដង្កោ​ បានឱ្យដឹងថា​ ក្នុងប្រតិបត្តិការ​ខាងលេីនេះ​ កម្លាំងជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញ៉ែម រ័ត្នមុន្នី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីឆែកឆេរ ប៉ុន្តែជនសង្ស័យមិនបានសហការក៏ផ្តួលម៉ូតូចោលរត់គេចខ្លួនតែត្រូវកម្លាំងអាវុធហត្ថធ្វើការដេញចាប់បាន និងឆែករកឃើញគ្រឿងញៀនចំនួន០១កញ្ចប់តូច(សង្ស័យជាសារធាតុញៀន) ។​

    ក្រោយពីសួរនាំជនសង្ស័យរួច និងដោយមានការអនុញ្ញាតពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងជំនាញបានបន្តនីតិវិធី  ចុះឆែកឆេរ និងត្រួតពិនិត្យផ្ទះរបស់ជនសង្ស័យឈ្មោះ ញ៉ែម រ័ត្នមុន្នី ដែលមានទីតាំងត្រង់ចំណុចផ្លូវបេតុង ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ  នៅវេលាម៉ោង១៥និង២០នាទី ថ្ងៃខែឆ្នាំដដែល ។ 

  បន្ទាប់ពីឆែកឆេរ និង ត្រួតពិនិត្យផ្ទះជនសង្ស័យរួចមក ជនសង្ស័យបានសារភាពបន្ថែមទៀតថា ធ្លាប់ធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស(ធាក់ផ្តួលយកម៉ួតូ) ចំនួន ០២លើក កាលពីកំឡុងខែមេសាឆ្នាំ២០២៣ ភ្លាមនោះ​កម្លាំងជំនាញបានបន្តធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់បន្ថែមទៀតរួមមាន​  ៖​ ទី១.ឈ្មោះ ម៉ី ចាន់នុត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្តល់មធ្យោបាយ)។ ទី២.ឈ្មោះ ហួរ គឹមហុង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

     បច្ចុប្បន្ននេះ​ ជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាង​ ត្រូវបានកម្លាំងជំនាញ​ នៃកងរាជអាវុធហត្ថខណ្ឌដង្កោ​ បញ្ជូនទៅកាន់ការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖