ភ្នំពេញ៖ អ្នកសេដ្ឋកិច្ចលោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់ សម្គាល់ថា បើទោះជាសហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី«អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ» ឬ ហៅកាត់ថា EBA» ដោយសម្រេចយកពន្ធលើទំនិញកម្ពុជាប្រមាណ ២០% ក៏ដោយ ក៏ការនាំចេញទំនិញកម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅតែមានកំណើនរឹងមាំគួរឱ្យកត់សម្គាល់។ អ្នកសេដ្ឋកិច្ចរូបនេះថា កម្ពុជានូវតែទទួលយក EBA ប្រសិនបើអឺរ៉ុបបន្តផ្តល់ឱ្យ។
កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ គណកម្មការអឺរ៉ុបបានចេញសេចក្តីសម្រេចមួយ ដោយបានសម្រេចដកការលើក លែងពន្ធ ២០% តាមប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបចំពោះទំនិញនាំចេញពីកម្ពុជា។ សម្រាប់កម្ពុជា បើទោះជា មានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ២០% ក៏ការនាំចេញទំនិញពីកម្ពុជាទៅសហគមអឺរ៉ុបនូវតែមានកំណើនជាវិជ្ជមាន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងកិច្ចពិភាក្សាជាមួយសារព័ត៌មានក្នុងស្រុកមួយកាលពីថ្មីៗនេះថា ប្រព័ន្ធអនុគ្រោះពន្ធ EBA ត្រូវបានដក ២០% ហើយ តែការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសអឺរ៉ុប ឆ្នាំ២០២១ មានតម្លៃ ៣ ២២៨ លានដុល្លារ និងឆ្នាំ២០២២ កម្ពុជាបាននាំចេញទៅមានតម្លៃប្រមាណ ៤ពាន់លានដុល្លារ ដូច្នេះមានន័យថា EBA នេះ វាមិនទាន់ជាផលប៉ះពាល់សម្រាប់យើងនៅឡើយទេ។
ស្រដៀងគ្នានេះដែរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ប្រាប់វិទ្យុបាយ័នថា ក្រោយពីកម្ពុជាអស់ EBA ២០% មកគឺការនាំចេញពីកម្ពុជានៅតែមានភាពប្រក្រតីល្អប្រសើរជាធម្មតា មិនត្រឹមតែប៉ុណ្ណោះការនាំចេញមានការកើនឡើងថែមទៀតផង៕
ដោយ៖ សូរិយា