ភ្នំពេញ ៖ ទីក្រុងហ្សឺណែវ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ – ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាង ខ្លាំងចំពោះការបញ្ចេញទស្សនៈផ្ទាល់ខ្លួននាពេលថ្មីៗនេះ របស់អ្នករាយការណ៍ពិសេសមួយចំនួនតូច ពាក់ព័ន្ធនឹងការបោះឆ្នោតជាតិនៅកម្ពុជា។ ការលើកឡើងរបស់ពួកគេមានភាពមិនត្រឹមត្រូវ ជាពិសេសពាក់ព័ន្ឋនឹងសភាពពិតនៅមូលដ្ឋាន ដែលប្រការនេះនាំឱ្យអ្នករាយការណ៍ពិសេសធ្វើការវាយ តម្លៃដោយជ្រើសរើសតែមួយជ្រុង និងមានភាពលម្អៀង។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាសូមផ្តល់ នូវការសង្កេតជាតថភាពមួយចំនួនដូចតទៅ៖
1. បុគ្គលដែលអះអាងខ្លួនជាអ្នកជំនាញខាងលើ បែរជាធ្វើមិនដឹងមិនឮអំពីអត្រាអ្នកចូលរួម បោះឆ្នោតដ៏ខ្ពស់ចំនួន ៨៤,៥៩% ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការជឿទុកចិត្តរបស់ ប្រជាពលរដ្ឋនៅក្នុងដំណើរការបោះឆ្នោត ព្រមទាំងលទ្ធិប្រជាធិបតេយ្យក្មេងខ្ចី តែរីកចំរើននៃ ព្រះរាជាណាចក្រកម្ពុជា។ អត្រាខ្ពស់នៃអ្នកទៅបោះឆ្នោត ជាសក្ខីភាពបង្ហាញឱ្យឃើញពីការ ប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងការអំពាវនាវឱ្យមានការធ្វើពហិការការបោះឆ្នោត និងយុទ្ធនា ការលាបពណ៌នានាដែលរៀបចំឡើងដោយក្រុមប្រឆាំងជ្រុលនិយម ក្នុងគោលបំណង ឱ្យមានការផ្លាស់ប្ដូររបប តាមរយៈវិធីសាស្ត្រមិនប្រជាធិបតេយ្យ។ អ្នករាយការណ៍ពិសេសទាំង នេះបែរជាជ្រើសរើសការមិនទទួលស្គាល់ការពិតដែលមិនអាចប្រកែកបាននេះ ដោយរក្សាភាព ស្ងប់ស្ងៀមទាំងស្រុងរបស់ខ្លួន ដែលជាការបង្ហាញឱ្យឃើញច្បាស់ពីរបៀបវារៈលាក់កំបាំងដោយ លម្អៀងរបស់ពួកគេ។
2. ដំណើរការបោះឆ្នោតដែលមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង ជាសក្ខីភាពយ៉ាងជាក់ ច្បាស់អំពីនយោបាយពហុបក្សពិតប្រាកដ និងឱកាសស្មើៗគ្នាក្នុងដែនកំណត់នៃច្បាប់។ ដូចគ្នា នឹងប្រទេសគោរពនីតិរដ្ឋផ្សេងទៀតដែរ។ ការគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បោះឆ្នោត គឺជា ប្រការចាំបាច់ ហើយការមិនគោរពតាម នឹងនាំមកនូវផលវិបាកនានា។
3. ការចោទប្រកាន់ថា ការបោះឆ្នោតជាតិ មិនមានតុល្យភាព និងបង្ករការព្រួយបារម្ភពីអន្តរជាតិ គឺ ជាការលើកឡើងប្រាសចាកពីការពិត។ អ្នកសង្កេតការណ៍អន្តរជាតិ ៤២២ នាក់ ដែលតំណាង ឱ្យ ៦៥ សញ្ជាតិ មកពី៦១ ស្ថាប័ន បូករួមទាំងភ្នាក់ងារគណបក្សនយោបាយ ចំនួន ៦០.០០០ នាក់ និងអ្នកសង្កេតការណ៍ជាតិឯករាជ្យ ចំនួន ៩០.០០០ នាក់ បានត្រួតពិនិត្យតាមដានយ៉ាង ដិតដល់នូវដំណើរការបោះឆ្នោតនេះ ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវ និងតម្លាភាព។ ប្រការ នេះបង្ករការងឿងឆ្ងល់ទៅលើលទ្ធភាពមើលឃើញច្បាស់ ឬមើលមិនឃើញទាល់តែសោះរបស់ អ្នករាយការណ៍ពិសេសទាំងនោះ។
4. សេចក្តីថ្លែងការណ៍នានារបស់ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា ការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព ដោយសន្តិវិធី ក្នុងបរិយាកាសប្រកបដោយ បរិយាប័ន្ន និងអនុលោមយ៉ាងតឹងរ៉ឹងតាមច្បាប់។ ឯករាជ្យភាព និងភាពមានវិជ្ជាជីវៈរបស់មន្ត្រី និង ស្ថាប័នដែលរៀបចំការបោះឆ្នោតត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវ។
5. ការអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាដែលរំពឹងថានឹងផ្ទេរអំណាចទៅឱ្យកូនប្រុសច្បង គឺជាការ លើកឡើងដែលគ្មានមូលដ្ឋានទាល់តែសោះ ដែលប្រការនេះ បង្ហាញពីការយល់ដឹងនៅមាន កម្រិតរបស់ក្រុមអ្នករាយការណ៍ពិសេស ឬការបដិសេធដោយចេតនាក្នុងការយល់អំពីនីតិវិធី ច្បាប់របស់កម្ពុជា។ ការតែងតាំងនាយករដ្ឋមន្ត្រីត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមដំណើរប្រជា ធិបតេយ្យប្រកបដោយភាពហ្មត់ចត់ ទាំងក្នុងកម្រិតគណបក្ស ការបោះឆ្នោត និងសភា។
សរុបសេចក្តីមក ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវបដិសេធទាំងស្រុងនូវសេចក្តីអត្ថាធិប្បាយរបស់ អ្នករាយការណ៍ពិសេស និងសូមក្រើនរំលឹកអ្នករាយការណ៍ពិសេស ត្រូវគោរពតាមឱ្យបានខ្ជាប់ខ្ជួននូវ ក្រមប្រតិបត្តិ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស ពុំដូច្នេះទេការ បំពានជាម្ដងហើយម្ដងទៀត នឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តនិងនិងកិច្ចសហប្រតិបត្តិការនាពេល អនាគតរបស់កម្ពុជាជាមួយយន្តការអ្នករាយការណ៍ពិសេសនេះ៕
ដោយ ៖ សុខ ខេមរា