ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា ដោយបានទទួលការអនុញ្ញាតពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ព្រមទាំងមតិណែនាំពីលោក សោម ប៉ិម ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន កាលពីនៅវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ លោក សេង ចិន្តា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបជាក់ស្តែងក្នុងករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្ត្រីសមត្ថកិច្ចជំនាញបានបន្តថា ក្នុងកិច្ចប្រត្តិបត្តិការខាងលើនេះលោកបានទទួលលទ្ធផលដូចខាងក្រោម៖
១.នាំខ្លួនជនសង្ស័យចំនួន០១នាក់ មានឈ្មោះ សឿត ដានី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២.សម្ភារៈនិងវត្ថុតាងមាន៖
-ម្សៅក្រាមសថ្លា(សង្ស័យថាជាម៉ាទឹកកកចំនួន១៤កញ្ចប់)ធំចំនួន០១កញ្ចប់
-ជញ្ជីងចំនួន០១គ្រឿង។
សមត្ថកិច្ចជំនាញបានបន្តទៀតថា ក្រោយពីបានសាកសួររួច ជនសង្ស័យឈ្មោះ សៀត ដានី បានសហការឆ្លើយចង្អុលបង្ហាញពីមុខសញ្ញាដែលជាមេខ្លោងជួញដូរគ្រឿងញៀន។ បន្ទាប់មកកម្លាំងបានបន្តនីតិវិធីឈានទៅបង្ក្រាបទីតាំងមួយផ្សេងទៀត ។
ជាលទ្ធផលចាប់យកវត្ថុតាងម្សៅក្រាមសថ្លា (សង្ស័យជាម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ចំណែកជនសង្ស័យបានបើករថយន្ត ម៉ាក (ឡិចសុីស RX300) រត់គេចខ្លួនបាត់។
កម្លាំងជំនាញបានស្នើសុំធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់មានឈ្មោះខាងលើដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស សារ៉េត