ភ្នំពេញ ៖ សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់!
នៅក្នុងឱកាសដ៍នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧១ឆ្នាំ ឈានចូល៧២ឆ្នាំរបស់ សម្តេច ដែលនឹង ឈានចូលនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នាពេលនេះ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបាទ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គល វិបុលសុខ ជូនដល់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទទួលបាននូវ ប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បានប្រកបតែនឹងបរមសុខ សុភមង្គល ឈ្នះអស់មារសត្រូវ គ្រប់ទិសទី និងវៀរចាករោគាព្យាធិគ្រប់ពេលវេលា និងសម្រេចបានជោគជ័យថ្មីបន្ថែមទៀតដ៏ត្រចះត្រចង់ក្នុង បេសសកម្មដ៍ឧត្តុង្គឧត្តមរបស់ សម្តេច ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ ដើម្បីដឹកនាំព្រះរាជាណាចក្រ កម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាព និងភាពសម្បូររុងរឿងថែមទៀត ក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត។
យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយនូវ គុណូបការៈដ៏មហាធំធេងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការ ស្វែងរកសុខសន្តិភាពដ៏ពិតប្រាកដជូនជាតិមាតុភូមិ។ មិនតែប៉ុណ្ណោះ ក្រោយទទួលបាននូវសុខសន្តិភាព សម្តេចទាំងទ្វេ ក៏នៅតែខិតខំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ពិសេសគឺអាចនិយាយបានថា សម្ដេច តេជោនាយករដ្ឋមន្តី ជាមគ្គុទេសក៍ឯកយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូអស្ចារ្យមួយរូប លើឆាកអន្តរជាតិផងដែរ។
ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំពរជ័យជូន សម្តេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ បានសមប្រកប តែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មេត្តាទទួលនូវគារវកិច្ច ដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំបាទ៕
ដោយ ៖ សហការី