ព័ត៌មានទាន់ហេតុការណ៍៖

លោក ញ៉ាញ់ ជាបហ៊ង ៖ អ្នកនៅសងខាងស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នជាថ្មី ព្រោះទឹកធ្លាក់ មកពីតាសាល ច្រើនណាស់ !

ចែករំលែក៖

ភ្នំពេញ៖ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានឱ្យ ដឹង នៅពេលបន្ទាប់ពីលោក ត្រឡប់មកពីពិនិត្យស្ថានភាព អាងទឹកតាសាល នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថាៈ ស្ថានភាពទឹកនៅក្នុងអាងតាសាល នៅវេលាថ្ងៃត្រង់ថ្ងៃនេះ នៅហូរពីលើទំនប់បង្ហៀរ ជាងមួយម៉ែត្រនៅឡើយ ហើយបានធ្វើ ឱ្យប៉ះពាល់ ដល់ត្រចៀកទំនប់បង្ហៀរ ព្រមពេលជាមួយគ្នានេះ ទ្វារទឹកទាំងបីរបស់ អាងតាសាល បានបើកចំហ ដោយមួយទ្វារកម្ពស់ ៣ ម៉ែត្រ និងពីរទ្វារ ២ម៉ែត្រ សម្រាប់ទ្វារនីយមួយ។                                                                                              លោកបញ្ជាក់ថា , ទ្វារទឹកទាំងបី នៃអាងទឹកតាសាល មិនទាន់អាចបិទបាន ព្រមពេលទឹក​នៅ​​ហូរលើទំនប់បង្ហៀរ នៃអាងនេះ នៅកម្ពស់ជាងមួយម៉ែ​ត្រ​បរិមាណ​ទឹកធ្លាក់ពីអាងតាសាល ចូលស្ទឹងព្រែកត្នោត មានចំនួន​ច្រើនលើសលប់ គឺច្រើនជាងទឹក ជំនន់ កាលពីដើមសប្តាហ៍មុននេះ តម្រូវឱ្យក្រុមការងារ មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បើកទ្វារទឹកទាំង៥ នៅរលាំងជ្រៃមួយ​ទំហឹង ដើម្បីត្រៀមដោះទឹកធ្លាក់មកពីតាសាល ឱ្យបានទាន់ពេលវេលា ជាហេតុនាំឱ្យទឹកស្ទឹងព្រែកត្នោត ពេញប្រៀបជាថ្មី នៅផ្នែក ខាងក្រោម ខេត្តកំពង់ស្ពឺ ហើយទឹកនឹងឡើងខ្លាំង នៅយប់នេះ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ  ទឹកធ្លាក់ពីអាងតាសាល មានបរិមាណច្រើនខ្លាំង ណាស់ ចូលស្ទឹងព្រែកត្នោត ទ្វារអាងទឹកតាសាល អាចបិទបាន លុះណាតែវាស្រកផុត ទំនប់បង្ហៀរ។ ទឹកដែលមានបរិមាណច្រើនេះ នឹងមកដល់រលាំងជ្រៃ នៅយប់នេះ ក្នុងបរិមាណច្រើន ដោយនៅពេលនេះ ស្ទឹងព្រែកត្នោត ក្នុងខេត្តកំពង់ស្ពឺ ពេញប្រៀបមាត់ ស្ទឹង ហើយវានឹងទៅដល់ទំនប់៧មករា នៅយប់នេះ ក្នុងបរិមាណច្រើនជាងទឹក កាលពីដើមសប្តាហ៍នេះ។

សូមបញ្ជាក់ថា : ស្ថានភាពទឹកក្នុងខេត្តកំពង់ស្ពឺ នៅតាសាលមានកម្ពស់២០.៦០ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៤ សីហា ០,៣០ ម.) ខ្ពស់ជាងលើកម្រិតកម្ពស់ខ្នងលើទំនប់បង្ហៀរ ១,៦០ ម៉ែត្រ ទ្វារទាំង បី បានបើកដោយមួយទ្វារកម្ពស់ ៣ ម៉ែត្រ និងពីរទ្វារ ២ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ។

នៅពាមឃ្លៃ ទឹកមានកម្ពស់ ៥,៤០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី៤ សីហា ២,០៨ ម៉ែត្រ។

នៅរលាំងជ្រៃ ទឹកមានកម្ពស់ ៤,៨២ ម៉ែត្រ ទាបជាងថ្ងៃទី៤ សីហា ២,៥២ ម៉ែត្រ ទឹកស្ថិតនៅក្រោមកម្រិតកម្ពស់់់់ធម្មតា សន្ទះទ្វារទឹកផ្នែកខាងលើ ២,១៨ ម៉ែត្រ។ បើកទ្វារទឹករលាំងជ្រៃ ចំនួនប្រាំ ទ្វារដោយមួយទ្វារកម្ពស់ ៣ ម៉ែត្រ​ពីរទ្វារកម្ពស់ ២,៥០ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ និងពីរទ្វារកម្ពស់ ២ ម៉ែត្រ សម្រាប់ទ្វារនីមួយៗ។ 

លោក ម៉ៅ ហាក់ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម ដែលប្រចាំការនៅទំនប់៧មករា បានប្រាប់ឱ្យសារព័ត៌មានដឹង នៅរសៀលថ្ងៃទី៥ ខែសីហាថាៈ ទឹកនៅទំនប់៧មករា ពេលនេះ នៅទាបជាងទំនប់បង្ហៀរ ០,៩៤ ម៉ែត្រ ដោយសារមួយរយៈនេះ ទ្វារទឹក៧មករា ត្រូវបានបើកជាប្រចាំ ធ្វើឱ្យទឹកធ្លាក់មកពីខេត្តកំពង់ស្ពឺ បន្តស្រកចុះបានលឿន តាមផ្លូវទឹកចូល ទៅទន្លេបាសាក់ ដែលក្រសួងបានធ្វើរួច។

នៅរសៀលនេះ ទឹកនៅបន្ត ស្រកចុះ ដោយសារទឹកពីខេត្តកំពង់ស្ពឺ មកមិនទាន់ដល់ ស្ថានភាពទឹកស្ទឹងព្រែកត្នោត ពេលនេះបើពិនិត្យ ទៅលើកម្ពស់ទឹកនៅពាមឃ្លៃ គឺមិនមាន បញ្ហាអីធ្ងន់ធ្ងរនោះទេ គឺអាចដោះស្រាយបាន៕

ដោយ ៖ សហការី


ចែករំលែក៖