ព័ត៌មានទាន់ហេតុការណ៍៖

សូមបងប្អូនបើកបរគោរពសិទ្ធអ្នកដទៃ​ ព្រោះវាអាច​បញ្ចៀស​ការគ្រោះថ្នាក់ចរាចរ​! ខណៈ​មនុស្សស្លាប់ ៣នាក់ និងរងរបួស ៦២នាក់ នាថ្ងៃទី៥ សីហាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ១៨នាក់ និងស្រាល ៤៤នាក់ ។

របាយការណ៍ដដែល​ បានបញ្ជាក់ថា ក្នុង​ករណី​គ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក។ 

ដោយឡែកនាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ក៏បា​នអំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ចូលរួម​គោរព​ច្បាប់​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ណាមួយ​ជាយថាហេតុ​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ។ 

សូមជម្រាបជូនថា​ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ជារៀង​រាល់​ថ្ងៃ​តែងតែ​បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវ ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ជាប្រចាំ។ 

ជាមួយគ្នានោះ​ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឱ្យបើកបរគោរពទៅតាមផ្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព ដេីម្បី​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍​​៕

ដោយ​៖សហការី​


ចែករំលែក៖