ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ អបអរសាទរ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa) បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍សរុបចំនួន ៣,៣៤៧នាក់!

ចែករំលែក៖

ភ្នពេញ ៖ ខែសីហា នេះជាខួបរយៈពេល ៣ឆ្នាំនៃការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការ Swisscontact Cambodiaលើគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកម្ពុជា (Hospitality Kampuchea-HoKa) ដែលអនុវត្តគម្រោងដោយ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តគោលដៅចំនួន ១០ខេត្តរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង់ ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។

ក្រោមកិច្ចសហការយ៉ាងល្អជាមួយវិស័យឯកជន សមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូរពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តគោលដៅខាងលើ បានធ្វើការបណ្តុះបណ្តាលពង្រឹងសមត្ថភាព (Up-Skilling) ដល់អ្នកជំនាញទេសចរណ៍សរុបចំនួន ៣,៣៤៧នាក់ (ស្រី ២,០៦៣នាក់) លើជំនាញសំខាន់ៗរួមមាន៖ (១) ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈចំនួន ១,២៨៤នាក់ (ស្រី៨៤៩នាក់) (២) ជំនាញការិយាល័យជួរមុខចំនួន ៦០៨នាក់ (ស្រី ៣៨១នាក់) (៣) ជំនាញគេហកិច្ចចំនួន ៥០៧ នាក់ (ស្រី២៩៩នាក់) (៤) ជំនាញឆុងកាហ្វេចំនួន ២៣៤នាក់ (ស្រី១៣១នាក់) (៥) ជំនាញចុងភៅចំនួន ១៦២នាក់ (ស្រី ១១០នាក់) (៦) ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ចំនួន ១៥៩នាក់ (ស្រី៨៣នាក់) (៧) គ្រូបង្គោល ហូកា ចំនួន ៣៥៣នាក់ (ស្រី១៩៦នាក់) (៨) អ្នកវាយតម្លៃបង្គោលចំនួន ២៣នាក់ (ស្រី៨នាក់) និង (៩) កម្មវិធីហ្វឹកហាត់អាជីវកម្ម (Professional Placement Programme-PIP) ចំនួន ១៨នាក់ (ស្រី៨នាក់)។ តាមរយៈការបណ្តុះបណ្តាលនេះ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍បានចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជាមួយប្រតិបត្តិករទេសចរណ៍សរុបចំនួន ១០៦ អាជីវកម្ម ដែលបានបញ្ជូនបុគ្គលិក អ្នកគ្រប់គ្រង ឬម្ចាស់អាជីវកម្មផ្ទាល់មកចូលរៀនវគ្គបណ្តុះបណ្តាលជំនាញនានាខាងលើ។ 

គណៈកម្មកាគ្រប់គ្រងគម្រោង ហូកា សូមថ្លែងអំណរគុណដល់ប្រតិបត្តិករទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ អង្គការជាតិ/អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានចូលរួមសហការ គាំទ្រការបណ្តុះបណ្តាលបដិសណ្ឋារ ហូកា ដោយប្រើប្រាស់យន្តការ ឯកសារ និងគ្រូបង្គោល ហូកា ដែលមានការទទួលស្គាល់ សំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពការបណ្តុះបណ្តាលដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍន៍អាជីពការងាររបស់យុវជន ៕

ដោយ ៖ សហការី


ចែករំលែក៖