ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្ដីពីការកែប្រែឧទ្យានជាតិកែប

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ សម្រេច : មាត្រា១..ត្រូវបានកែប្រែឧទ្យានជាតិកែប ពីផ្ទៃដីទំហំ១ ១៥២(មួយពាន់មួយរយហាសិបពីរ)ហិកតា ដែលមាន ចែងក្នុងអនុក្រឹត្យលេខ១៣៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិកែប មកផ្ទៃដីទំហំ១ ២៣០(មួយពាន់ពីររយសាមសិប)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ដូចមានផែនទីភា្ជប់ក្នុង ឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984) ភ្ជាប់ក្នុង ឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

មាត្រា២ -អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាការថែរក្សា ការពារសោភណភាពធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ សម្រាប់

៊វិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត

– លើកកម្ពស់តួនាទី សក្តានុពល និងកិត្យានុភាពនៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ ដោយចីរភាព 

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ

– ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព

– ជំរុញនិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែកក្នុងកិច្ច គាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាព 

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ -ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិកែប ដោយសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកែប ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ -លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការធ្វើវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្តីពីការកំណត់ តំបន់ឧទ្យានជាតិកែប ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូត ដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ .អនុក្រឹត្យលេខ១៣៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិកែប និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តកែប ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សិលា


ចែករំលែក៖