ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ដែលត្រាស់បង្គាប់គោរមងារកិត្តិយស ពិសេសដ៏ឧត្តុង្គឧត្តមបំផុតជា “កិត្តិទេសាភិបាលបណ្ឌិត”

ចែករំលែក៖

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារ មានសេចក្តីរំភើបសោមនស្សរីករាយឥតឧបមា សូមព្រះបរមរាជានុញ្ញាត ក្រាបថ្វាយនូវសេចក្តីថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជាកិត្តិទេសាភិបាលបណ្ឌិត ដល់ ទូលព្រះបង្គំជាខ្ញុំ តែមួយរូបគត់ ។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំជាខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមព្រះបរមរាជានុញ្ញាត សម្ដែងនូវស្វាមីភក្តិដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាននូវព្រះព្រហ្មវិហារធម៌ដ៏ឧត្ដុង្គឧត្តម ដល់ទូលព្រះបង្គំជាំខ្ញុំ និងក្រុមគ្រួសារ ដែលជាព្រះរាជគុណ ដ៏មហាធំធេងមិនអាចរកវត្ថុអ្វីមកប្រៀបផ្ទឹមបានឡើយ ។

ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សា សូមព្រះមេត្តាប្រសិទ្ធពរជ័យ ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បវរសួស្តី ! មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រជាកូន ចៅ ចៅទួត របស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែង តរៀងទៅ ។

សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះមេត្តាទទួលនូវអភិវន្ទនកិច្ច និងសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំ ៕

ដោយ : សិលា


ចែករំលែក៖