ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល​ពីរ​ថ្ងៃ​! មន្ត្រីជំនាញ ក.ប.ប.​ ចុះត្រួតពិនិត្យ​សាច់​ បន្លែ​ និងគ្រឿងទេស​ តាមបណ្ដាផ្សារស្វែងរកសារធាតុគីមីដែលហាមឃាត់

ចែករំលែក៖

ភ្នំពេញ​៖​ មន្រ្តីជំនាញ​ នៃអគ្គនាយក​ដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ​ ក.ប.ប​ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ វិស័យម្ហូបអាហារគឺសំខាន់សម្រាប់មនុស្សបរិភោគ ហើយរឹតតែសំខាន់ទៀតនោះការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាពសម្រាប់សុខភាព។ 

ជាក់ស្ដែង មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម និងសាខា ក.ប.ប. រាជធានីភ្នំពេញ និងដោយសហការពីគណៈកម្មការផ្សារសេត្រា និងផ្សារធំថ្មី ចាប់ពីថ្ងៃទី៧-៨ ខែសីហា ឆ្នាំ២០២៣​ បាននាំយករថយន្តមន្ទីរពិសោធន៍ផ្នែកម្ហូបអាហារចុះត្រួតពិនិត្យផលិតផលម្ហូបអាហារជាច្រើនមានដូចជា បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក ផ្អក ម៊ាំ ជ្រក់ ម៉ើមខ្ទឹមស ខ្ទឹមក្រហម និងសរសៃគុយទាវជាដើម ។ល។ ដែលសរុបទាំងអស់មានចំនួនប្រមាណជាង ៥០សំណាកគំរូ។ សំណាកគំរូទាំងអស់នោះគឺត្រូវបានមន្រ្តីជំនាញផ្នែកម្ហូបអាហារធ្វើការពិសោធន៍យ៉ាងយកចិត្តទុកដាក់ដើម្បីស្វែងរកសារធាតុគីមីដែលហាមឃាត់ និងជាផ្នែកមួយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ 

ជាលទ្ធផលសំណាកគំរូទាំងជាង៥០នោះពុំមានសារធាតុគីមីហាមឃាត់ឡើយ និងបានធ្វើការដកហូតទំនិញដែលបំពានច្បាប់ចំនួន ២៣.៤គីឡូក្រាមផងដែរ។ 

គួរបញ្ជាក់ផងដែរថា មន្រ្តីជំនាញ ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ផលិតផលម្ហូបអាហារគ្រប់ប្រភេទដែលមានសារធាតុគីមីហាមឃាត់ និងទំនិញគ្រប់ប្រភេទដែលមិនស្របច្បាប់ជាធរមាន៕

ដោយ​៖ សហការី​


ចែករំលែក៖