សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះទីហ្វុង Khanun បានវាយប្រហារលើតំបន់ភាគខាងត្បូងប្រទេសជប៉ុននៅថ្ងៃពុធនេះ ខណៈដែលព្យុះថ្មីមួយ ផ្សេងទៀតកំពុងបក់បោកខិតកាន់តែកៀកពីតំបន់ភាគខាងកើត ដែលអាចនឹងគំរាមកំហែងដល់ទីក្រុងតូក្យូ។
ក្រុមមន្ត្រីឧតុនិយមជប៉ុនបានឱ្យដឹងថា ព្យុះទីហ្វុង Khanun អាចនឹងបក់បោកដល់ដីគោកនៃកោះ Kyushu ភាគនិរតីប្រទេស ដែលស្ថិតនៅចម្ងាយប្រហែល ៨៥៨គីឡូម៉ែត្រពីទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ប៉ុន្តែតំបន់មួយចំនួនរបស់ប្រទេសជប៉ុនបានជន់លិចជាបណ្ដើរៗរួចទៅហើយ ដោយសារភ្លៀងធ្លាក់ជាងមួយសប្ដាហ៍មកនេះ។
ព្យុះទីហ្វុង Khanun នៅតែបន្តមានឥទ្ធិពល ដោយវាធ្វើដំណើរក្នុងល្បឿនយឺតៗត្រឹម១០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះមានន័យថាឥទ្ធិពលខ្យល់និងភ្លៀងធ្លាក់អាចមានរយៈពេលយូរ ស្របពេលមានការព្រមានពីភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំងនៅតាមផ្នែកជាច្រើននៃភាគខាងត្បូងនិងភាគខាងលិចប្រទេសជប៉ុន។ ក្រុមហ៊ុនប្រតិបត្តិការផ្លូវដែក West Japan Railway ក៏បានប្រកាសពីការផ្អាកធ្វើប្រតិបត្តិការមួយចំនួនរបស់ខ្លួនផងដែរនៅលើ កោះKyushu។
បើតាមក្រុមមន្ត្រីឧតុនិយមជប៉ុន ព្យុះទី២មានឈ្មោះថា Lan កំពុងស្ថិតនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនៃភាគខាងត្បូងប្រទេសជប៉ុន និងត្រូវបានព្យាករថាអាចនឹងពង្រឹងឥទ្ធិពល ខណៈព្យុះនេះបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ដែលអាចនឹងបង្កផលប៉ះពាល់ដល់ទីក្រុងតូក្យូនៅដើមសប្ដាហ៍ក្រោយ៕ ដោយ៖ ធីរីណា
រូបថត៖ laodong.vn