ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិចិន​ ២នាក់​ ពាក់ព័ន្ធ​ករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី០៩​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួនជនជាតិចិន​ ២នាក់​ ពាក់ព័ន្ធ​ករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ 

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានករណីឆោឡោជនជាតិចិន១នាក់ដៃទាំងពីរជាប់ខ្នោះនៅក មានជាប់ឧបករណ៍ឆក់ ព្រមទាំងមានកន្សែងចងជាប់នឹងកថែមទៀត និងកជើងខាងស្តាំ មានជាប់ខ្សែរិតពណ៌ស មានរបួសទាំងសងខាង ដើរតាមផ្លូវ កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទី នៅម្តុំអូរពីរ (ផ្លូវចាក់សំរាម) ក្រុមទី១១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ 

ក្រោយពីទទួលបានដំណឹងនេះភ្លាមការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបាននាំជនរងគ្រោះ (ជនជាតិចិន) ចំនួន ០១នាក់ ព្រមទាំងវត្តុតាង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ជនរងគ្រោះឈ្មោះ Huang Qiang ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅម្តុំវិកតូរី  សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងដែលដកហូតបាន នៅជាប់ខ្លួនជនរងគ្រោះមានខ្នោះដៃ ចំនួន០១ ឧបករណ៍ឆក់ ចំនួន០១ខ្សែរិតពណ៌ស ចំនួន០១ កន្សែង(ចាស់) ពណ៌ស ចំនួន០១ ។ បន្ទាប់ពីបានសាកសួរជនរងគ្រោះរួចកម្លាំងជំនាញបាននាំជនរងគ្រោះទៅដល់ទីតាំងផ្ទះវីឡា១កន្លែងជាទីតាំងដែរក្រុមរបស់ជនសង្ស័យបានបង្ខាំងនិងធ្វើទារុណកម្មមកលើរូបគេ ស្ថិតនៅក្រោយសាលាក្រុងព្រះសីហនុ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ 

ដោយមានការបញ្ជាដឹកនាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង និងជាតំណាង អយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ  កម្លាំងជំនាញបានឆែកឆេរកឃើញ និងដកហូតសម្ភារះរួមមាន អាវុធខ្លី Lock 17 (Austria) ១ដើម ពណ៌(បាញ់ថ្នាំទឹកប្រាក់) លេខ ៖ CGE538  មានគ្រាប់ប្រភេទ9mm ចំនួន០៤គ្រាប់ បង់១ និងគ្រាប់បាញ់សន្លប់ចំនួន៧គ្រាប់  ដំបងឆក់ចំនួន០១ដើម ពណ៌ខ្មៅ  ខ្នោះដៃចំនួន០២គូរ  ខ្សែជ័ររឹតចំនួន០១ដុំ និងឧបករណ៍ឆក់ចំនួន០១ (ខ្សែរឆក់) និង ទូរស័ព្ទដៃចំនួនចំនួន៥គ្រឿង ស្លាកលេខរយន្ត ភ្នំពេញ 2J-7518 ចំនួន០២សន្លឹក សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ 

ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវរកឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL 6046 ដែលត្រូវក្រុមជនសង្ស័យយកទៅទុកចោលនៅចំណតរថយន្តរបស់អគារ ឌីស៉ីវីយូស រួចគេចខ្លួន ។ លុះនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១ និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរថយន្តម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL 6046 យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំជនស្ស័យទាំង២ រួចបន្តទៅឆែកឆេ នៅផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រកឃើញ គ្រាប់កាំភ្លើង9mm ចំនួន ១គ្រាប់ ស្លាកលេខរថយន្ត ខេមរភូមិន្ន០២ ២-១០៩៩ ចំនួន២សន្លឹក និង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចបន្តឆែកឆេរផ្ទះវិឡា១កន្លែង នៅក្នុងបុរីកំពិងរាជ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រកឃើញ ស្លាកលេខ កាត់ខូចទ្រុងទ្រាយ និង ម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន និងគ្រាប់ថ្នាំពណ៌ផ្កាឈូក មួយចំនួន ។ ចំពោះម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន ទាំងអស់ត្រូវបានប្រគល់ជូន ផែនប្រឆាំងគ្រឿងញៀន បន្តនិតិវិធី ។ 

ជនរងគ្រោះឈ្មោះ HUANG QIANG បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង០០នាទី គាត់បានទាក់ទងទៅគ្រុបតេលេក្រាមឈ្មោះ ZHOA PIAN ដើម្បីរកការងារធ្វើ ភ្លាមនោះក៏មានគណនី១ (មិនចាំឈ្មោះ) បានណាត់គាត់ឲ្យជួបនៅការ៉ាសាំងមួយកន្លែង ហើយពួកគេក៏បាននាំគាត់ទៅផ្ទះកើតហេតុខាងលើដើម្បីវាយ និងជំរិតទាប្រាក់តែម្ដង ដោយមានបុរសជាជនជាតិចិនចំនួន៥នាក់ ដាក់ខ្នោះដៃគាត់ និងយកកាំភ្លើងខ្លី មកវាយក្បាលគាត់ រួមទាំងប្រើឧបករណ៍ឆក់ មកលើរូបគាត់ទៀត ។ លុះបានមួយសន្ទុះពួកគេក៏បានឃុំគាត់នៅបន្ទប់មួយ ហើយគាត់ក៏បានស្រែកអោយគេជួយ ភ្លាមនោះ ក៏មានគេមកជួយគាត់ រួចគាត់ក៏រត់ចេញមកក្រៅតែម្ដង ។ ឆ្លងតាមការស្រាវជ្រាវជុំវិញករណីខាងលើ យើងអាចសន្និដ្ឋានបានថាឈ្មោះ HUANG QIANG គឺជា ជនរងគ្រោះ ក្នុងករណី បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ដែលកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង ០០នាទី នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន ។

ជនសង្ស័យទាំង០២នាក់មាន ១.ឈ្មោះ XIONG JIANG QIANG ហៅ DIAO MAO ២.ឈ្មោះ ZHANG HUI ហៅ XIAO YI  និងបក្សពួកជាសហចារីក្នុងករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ដែលកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២២ និង ០០នាទី នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន ។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុនិង ស្នើសុំបើកការអង្កេតករណីនេះដោយសហការជាមួយជំនាញពាក់ពន្ធ័ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលកំពុងគេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖