ភ្នំពេញ ៖ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក ថ្ងៃ០៩ ខែសីហាឆ្នាំ២០២៣ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស១.ឈ្មោះ ម៉ាន់ វ័ន្ត ភេទប្រុស អាយុ៤៣ឆ្នាំ ដាក់ពន្ធនាគារចំនួន២៨ឆ្នាំ ពិន័យ៧០លានរៀល បង់ចូលថវិការដ្ឋ និង២.ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ ឆ្នាំ ដាក់ពន្ធនាគារចំនួន២៦ ឆ្នាំ ពិន័យ៤០លានរៀល បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជិត២គីឡូក្រាម ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី មាស ហត លោកវរ:សេនីយ៍ឯក ឈូក គា នាយករងមន្ទីរ និងលោកវរ:សេនីយ៍ទោ ស៊ី ម៉ារត្ន័ នាយរងការិយាល័យទី៥ មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្រលសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំ ពេញ បានធ្វើការស៊ើបអង្កេតបង្រ្កាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ចំនួន ២គោលដៅផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យ ២ នាក់ ។
បង្ក្រាបគោលដៅទី១.នៅចំណុចបណ្តោយផ្លូវR៦(បឹងកក់)ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និង ថ្នាំញៀនប្រមាណ ១០០ ក្រាម ។ គោល ដៅទី២.នៅចំណុចបណ្តោយផ្លូវលេខ២៦១ ស្ថិតក្នុងសង្កាត់ទឹក ល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀន១ កញ្ចប់ធំ ។ ជនសង្ស័យ ២នាក់ម្នាក់ឈ្មោះ ម៉ាន់ វ័ន្ត ភេទប្រុស អាយុ៤៣ឆ្នាំ និងម្នាក់ឈ្មោះ ប៊ុន ហៀង ភេទប្រុស អាយុ៣៣ ឆ្នាំ ។
វត្ថុតាងដែលសមត្តកិច្ចចាប់យករួមមាន.សារធាតុញៀនប្រភេទ កេតាមីន (KETAMINE)ទម្ងន់សុទ្ធ ១ គីឡូ ៨៤១.៩០ក្រាម (ជិត២គីឡូ) ៕
ដោយ ៖ រ៉ារ៉ា