ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្ត Mazdaមួយគ្រឿងក្នុងល្បឿនលឿន និងបានរេចង្កូតឡើងខឿនបន្តទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ខែសីហាឆ្នាំ២០២៣ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកMazda ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AH-6656 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើមិនដឹងជាយ៉ាងម៉េចក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃឡើងលើខឿនហើយបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡេីយ ។ ភ្លាមនោះគេឃេីញបុរសម្នាក់ជាអ្នកបេីកបររថយន្តបង្កហេតុក៏បានបើកទ្វារចុះគេចខ្លួនបាត់ទៅបន្សល់ទុករថយន្តនៅកន្លែងកេីតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំម្ចាស់រថយន្តបង្កចូលខ្លួនដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ