ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃឆែប-ព្រះរកា

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្តីពី ការកែប្រែ ដែនជម្រកសត្វព្រៃឆែប-ព្រះរកា សម្រេច : 

មាត្រា១- ត្រូវបានបង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានផ្ទៃដីទំហំ៣៤៧ ៥៦៨(បីសែនបួនម៉ឺនប្រាំពីរពាន់ ប្រាំរយហុកសិបប្រាំបី)ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែង ដូចមានផែនទីភ្ជាប់ក្នុង ឧបសម្ព័ន្ធ១និងនិយាមកា(តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984)ភ្ជាប់ក្នុង ឧបសម្ព័ន្ធ២នៃអនុក្រឹត្យនេះ។

ផ្ទៃដីដែនជម្រកសត្វព្រៃឆែប-ព្រះរការខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៩០ ០២៧ (មួយសែនប្រាំបួនម៉ឺនម្ភៃប្រាំពីរ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃឆែប ផ្ទៃដីទ៍ហំ៩០ ៣៦១(ប្រាំបួនម៉ឺនបីរយហុកសិបមួយ)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រក សត្វព្រៃព្រះរការ និងផ្នែកខ្លះនៃរបៀងអភរិក្សជីវៈចម្រុះឧត្តរ ដែលមានផ្ទៃដីទំហំ៦៧ ១៨០(ប្រាំមួយម៉ឺន ប្រាំពីរពាន់មួយរយប៉ែតសិប)ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ 

មាត្រា២ – អនុក្រឹត្យនេះមានគោលបំណងដូចតទៅ៖

– ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ

ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ

– រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ

ធម្មជាតិ

– ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព 

– លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។

មាត្រា៣ -ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃឆែប-ព្រះរការ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីធានា ដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការ រស់នៅដោយចីរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា៤ – លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមអនុក្រឹត្យស្ដីពីបង្កើតដែន ជម្រកសត្វព្រៃឆែប អនុក្រឹត្យស្ដីពីបង្កើតដែនជម្រកសត្វព្រៃព្រះរការ និងអនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្ស ជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាព អនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។

មាត្រា៥ -អនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព ព្រះរការ អនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព ឆែប អនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធម្មជាតិ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៦ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖