ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ​ម្នាក់​ ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៥នាក់ធ្វើសកម្មភាពឆក់កាបូប ក្រោយពីឃាត់ខ្លួន ​កម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​នៅថ្ងៃ ទី១៣​ ខែសីហា​​​​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី​។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

 លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រាប់ថាៈនៅវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣​ ​ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ​ ឃាត់ជនសង្ស័យម្នាក់ ករណី លួចមានស្ថានទម្ងន់ទោស​ (ឆក់ កាបូប) ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង០០នាទីយប់ចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខកាស៊ីណូកាឡាក់ស៊ី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

យោងតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ​ សោម ដានី ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

លោក បានបន្តថាៈជនសង្ស័យឈ្មោះ មិន តុលា​ (ហៅឌី)​ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ជននេះរួមទាំងបក្ខពួក ចំនួន០៥នាក់ទៀត ជិះម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់យក កាបូបពីជនរងគ្រោះ​ ពេលកំពុងជិះម៉ូតូជាមួយប្ដី បណ្តាលឲ្យដាច់ខ្សែ កាបូបធ្លាក់ទៅលើដី​ ភ្លាមនោះជនសង្ស័យឈ្មោះ​ មិន តុលា(ឌី) បានលតចុះពីលើម៉ូតូទៅរើសកាបូបនោះ ក៏ត្រូវបានសន្តិសុខដែលយាមនៅក្បែរនោះធ្វើការឃាត់ខ្លួនបានតែម្ដង ចំណែកបក្ខពួកបានជិះម៉ូតូគេចខ្លួន។​ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យខាងលើ នាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា ៖ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ ជនសង្ស័យ​ បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន ៕ ចំណែកកាបូប ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ ប្រគល់ជូនម្ចាស់​ដើមវិញ ។

ដោយ ៖ វណ្ណា

 

 


ចែករំលែក៖