ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រកាសសុំទោសលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ជាសាធារណៈ តែលោកស្នងការអោយដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះចុះ !

ចែករំលែក៖

ភ្នំពេញ ៖ គេពិតជាដឹងថា, ថ្មីៗនេះ ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក និងអង្គរក្ស ចំនួន៥នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ PJ ។ ឥឡូវដូចជាបាក់ស្លាប ពីចរិតក្អេងក្អាង អំនួត ទាំងខ្លួនមានគំនិតទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ រាប់រយនាក់ យកប្រាក់រាប់លានដុល្លារ ពីមុន គឺ ខ្លាំងទេមែន ។ ឥឡូវពី«ក្រអឺត» មក«សុំទោស» ស្នងការប៉ូលិសខេត្តកំពត ទាំងមិនស្គាល់ឈ្មោះមេប៉ូលិស  ច្បាស់នៅឡើយ ?  ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក របស់អ្នកឧកញ៉ា ហ៊ី គឹមហុង ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន បានចេញលិខិតលេខ ៤៦៦/២០២៣ កពម ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ប្រកាសសុំទោសលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ជាសាធារណៈ ។

 ប្រការគួរឲ្យសោកស្ដាយ និងហួសចិត្តនោះ គឺក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បែរជាបានសរសេរឈ្មោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មានការខុសឆ្គងសឹងមិនគួរឲ្យជឿថា «ម៉ៅ មធុរិទ្ធ» ទៅវិញ (Sic!) ។ 

សូមបញ្ជាក់ : ខ្លួនជាម្ចាស់ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ទាំងមូល ត្រូវសិក្សាពីលិខិតបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវផង ? ប៉ុន្តែ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មិនមានគំនិតគុំគួន ខឹងសម្បារ នោះឡើយ លោកទទួលយកនូវការសុំទោសជាសាធារណៈនេះ។ ប៉ុន្តែលោកស្នងការ តម្រូវឲ្យជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង ដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះទៅតាមផ្លូវច្បាប់ចុះ។ ពីព្រោះថាការសុំទោសនេះ មិនមែនជារឿងបញ្ចប់ ចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទៅលើ ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង នោះឡើយ។ 

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឆ្លើយតបទៅកាន់ ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង យ៉ាងដូច្នេះថា, (ខ្ញុំទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយខ្ញុំក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ ខ្ញុំគ្រាន់តែអនុវត្តទៅតាមតួនាទីភារៈកិច្ចនិងរកយុត្តិធម៌ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ជាចុងក្រោយសូមក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់ មិនមែនខ្ញុំទទួលនូវការសុំទោសហើយនីតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន នីតិវិធីនូវតែបន្ត )។

សូមរម្លឹកថា ,គិតត្រឹមថ្ងៃទី ០៩ ខែសីហា​ ឆ្នាំ២០២៣​ ប្រជាពលរដ្ឋ​ នៅខេត្តកំពតបានប្ដឹងមកក្រុមហ៊ុន​ពិភពដីមាស​​ មានចំនួន ១.១០៥ បណ្ដឹង​ ខាតបង់ទឹកប្រាក់ចំនួន ២១,០៧៨,៩៦០ ដុល្លារ​ ( ម្ភៃមួយលានប្រាំពីរមុឺនប្រាំបីពាន់ប្រាំបួនរយហុកសិបដុល្លារ) ។ 

ទឹកប្រាក់ដ៏ច្រើនៗ តើជនត្រូវចោទ កំពុងជាប់ឃុំនៅពន្ធនាគារ PJ មានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទេ ? បើគ្រាន់តែប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រងគ្រោះ អស់លុយរាប់លានដុល្លារ រាប់រយគ្រួសារដែលចាញ់បោកឧកញ៉ានេះ នៅតែពុំមានលទ្ធភាពដោះស្រាយ ចុះទម្រាំទឹកប្រាក់ជាង ២១ លានដុល្លារទៀតនោះ ប្រាកដជា យកគុកធ្វើជាដំណេកហើយ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖