ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពតចំនួន ២៥រូប

ចែករំលែក៖

ខេត្តកំពត៖ លោកម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថាមន្ត្រីមានសមត្ថភាពពិតប្រាកដទើបទទួលបានតំណែងតួនាទី មិនអាចយកលុយមកទិញបានទេ!។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការសាលាខេត្តកំពត នៅសាលសន្និសីទបូកគោ នាព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៣នេះ។  ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៅក្នុងខេត្តកំពត ត្រូវខិតខំប្រឹងប្រែង បំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានល្អ ប្រកបដោយសីធម៌ គុណធម៌ និងការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវបន្តខិតខំពង្រឹងសមត្ថភាពជានិច្ច។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោមយន្តការដឹកនាំរបស់លោក  មុខតំណែងតួនាទីនឹងត្រូវផ្តល់ជូនដល់មន្ត្រីណាដែលមានសមត្ថភាព ខិតខំប្រឹងប្រែងធ្វើការពិតប្រាកដ  មិនមែនអាងខ្លួនមានលទ្ធភាព មានលុយ អាចយកមកទិញ ឬប្រើវប្បធម៌អន្តរគមន៍ដើម្បីសុំតំណែងតួនាទីបាននោះទេ។ 

នៅក្នុងពិធីប្រកាសចូលកាន់តំណែងនាពេលនោះ ក៏មានការចូលរួមជាអធិបតីពីសំណាក់លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តផងដែរ  ហើយបើយោងតាមដីការលេខ ០៤៥/២៣ ដ.ក ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពត ស្តីពីការតែងតាំង សម្រួល និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចតែងតាំង សម្រួល និងប្រគល់ភារកិច្ច ជូនដល់មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្តកំពត ចំនួន ២៥រូប ក្នុងនោះស្រី ៥រូប៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖